បាងកក៖ មន្ត្រីថៃម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (៦កុម្ភៈ) ថា អគ្គមេធាវីរបស់ប្រទេសថៃ កំពុងពិចារណារឿងក្ដីកាត់ទោសអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាប់ទោសពីបទប្រមាថរបបរាជានិយមដ៏មានអំណាច ជុំវិញពាក្យសម្ដីដែលរូបលោកធ្លាប់និយាយ កាលពី១០ឆ្នាំមុន ប៉ុន្ដែភ្លាមៗ មិនទាន់ច្បាស់នៅឡើយទេ ថា តើសំណុំរឿងនេះនឹងត្រូវឡើងដល់តុលាការ ដែរឬយ៉ាងណាទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ពាក្យចោទប្រកាន់ប្រឆាំងនឹងលោក ថាក់ស៊ីន គឺទាក់ទងនឹងការអត្ថាធិប្បាយរបស់លោក ធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីឆ្នាំ២០១៥ នៅពេលដែលរបបយោធា ដែលមានលោក ប្រាយុទ្ធ ចាន់អូចា ជាមេដឹកនាំ បានផ្ដួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយប្អូនស្រីរបស់លោក ថាក់ស៊ី គឺលោកស្រី យ៉ីងលាក់ ស៊ីណាវ៉ាត្រា។

ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ ស្ថិត​ក្នុង​ចំណោម​ច្បាប់​តឹងរ៉ឹង​បំផុត​របស់​ពិភពលោក ដោយ​បទល្មើស​នីមួយៗ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់ ១៥ឆ្នាំ។

លោក ថាក់ស៊ីន ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ ចាប់ពីឆ្នាំ ២០០១-២០០៦ បានវិលត្រឡប់ពីនិរទេសខ្លួនវិញ កាលពីខែសីហាឆ្នាំមុន ហើយត្រូវបានតុលាការកាត់ទោសភ្លាមៗ ឱ្យជាប់ពន្ធនាគារពាក់ព័ន្ធសំណុំរឿងពុករលួយ និងរំលោភអំណាចយូរមកហើយ។

យ៉ាងណាម៉ិញ អតីតនាយករដ្ឋមន្រ្តីរូបនេះ កំពុងត្រូវបានឃុំខ្លួន និងសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់ប៉ូលីសជាមួយនឹងបញ្ហាសុខភាពដែលមិនត្រូវបានគេបង្ហាញ ដោយលោក មិនទាន់បានបញ្ជូនទៅកាន់ពន្ធនាគារនៅឡើយទេ ចាប់តាំងពីវិលត្រឡប់ចូលប្រទេសវិញនោះ។

លោក Prayut Petchkhun អ្ន​កនាំពាក្យការិយាល័យព្រះរាជអាជ្ញាថៃ បានប្រាប់​អ្នកកាសែតថា ការពន្យារពេល ៧ឆ្នាំក្នុងការអនុវត្តបណ្តឹងប្រមាថព្រះមហាក្សត្រគឺដោយសារលោក ថាក់ស៊ីន បានទៅរស់នៅបរទេស។ យ៉ាងណាក៏ដោយ លោក Petchkhun មិនបាន​បញ្ជាក់លម្អិត​អំពី​កា​រចោទប្រកាន់លោក ថាក់ស៊ី​ន នោះទេ។

បើតាមលោក Prayuth ក្រុមព្រះរាជអាជ្ញាថៃ នឹងរង់ចាំឱ្យប៉ូលិសបញ្ចប់ការស៉ើបអង្កេតរបស់ពួកគេសិន មុនពេលសម្រេចថា តើនឹងបន្តនីតិវិធីសំណុំរឿង ប្រឆាំងលោក ថាក់ស៉ីន ដែរឬយ៉ាងណា ខណៈលោក ថាក់ស៉ីន បានច្រានចោលការចោទប្រកាន់នោះ ហើយបានសរសេរលិខិតមកកាន់អគ្គព្រះរាជអាជ្ញា ស្នើសុំការប្រព្រឹត្តដោយមានភាពយុត្តិធម៌ មកលើរូបលោក។

គួររំលឹកថា ការវិលត្រឡប់ចូលស្រុកវិញរបស់លោក ថាក់ស៉ីន គឺគាប់ជួន នឹងពេលគណបក្ស Pheu Thai ដែលមានលោកនៅពីក្រោយ បានឡើងកាន់អំណាចនៅប្រទេសថៃ ក្រោយចាប់ដៃគ្នាជាមួយក្រុមគណបក្ស ដែលគាំទ្រយោធា ហើយភាពគាប់ជួននោះ ក៏បាននាំឱ្យមាន ពាក្យចចាមអារ៉ាមដែរ នៅពេលព្រះមហាក្សត្រថៃ ស្រាប់តែសម្រេចព្រះទ័យ បន្ធូរបន្ថយទោសត្រូវជាប់ពន្ធនាគារពាក់ព័ន្ធសំណុំរឿងពុករលួយ និងរំលោភអំណាចរយៈពេល ៨ឆ្នាំរបស់លោក ថាក់ស៉ីន មកនៅត្រឹម ១ឆ្នាំផងដែរ៕

ប្រភព៖ CNA

Share.