មានការផ្សព្វផ្សាយក្រៅផ្លូវការថាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA បានបង្កើតពានរង្វាន់បាល់ទាត់ខ្នាតតូចៗមួយចំនួនសម្រាប់ប្រទេសជាសមាជិករបស់ខ្លួនមួយចំនួន ប្រកួតប្រជែង ដោយហៅឈ្មោះថាFIFA Series ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានឈ្មោះប្រកួតទល់នឹងប្រទេសចំនួន៣ដែលមិនសូវលឺឈ្មោះ។
យោងតាមគណនី The International Window លើបណ្តេញសង្គម X បានបញ្ជាក់ថាការប្រកួត FIFA Series សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅជាមួយក្រុមជម្រើសជាតិ កាប់វែរ (Cape Verde), ប្រទេស (គុយយ៉ាន) Guyana និងប្រទេស (គីនេអេក្វាទ័រ) Equatorial Guinea។
ប្រភពព័ត៌មានបញ្ជាក់ទៀតថា ការប្រកួតរវាងក្រុមទាំង៤នេះនឹងធ្វើឡើងនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ក្នុងខែមីនា ខាងមុខដោយមានកាលវិភាគប្រកួតដូចជា៖
- ថ្ងៃទី២១ មីនា ២០២៤ ប្រទេសកាប់វែរ Vs ប្រទេសគុយយ៉ាន
- ថ្ងៃទី២២ មីនា ២០២៤ ប្រទេសគីនេអេក្វាទ័រ Vs ប្រទេសកម្ពុជា
- ថ្ងៃទី២៥ មីនា ២០២៤ ប្រទេសកាប់វែរ Vs ប្រទេសគីនេអេក្វាទ័រ
- ថ្ងៃទី២៦ មីនា ២០២៤ ប្រទេសកម្ពុជា Vs ប្រទេសគុយយ៉ាន
សូមបញ្ជាក់ថា បើយោងតាមតារាងចំណាត់ថ្នាក់ FIFA World Ranking ដែលកំណត់ដោយ FIFA ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នេះឃើញថា៖
- ប្រទេសកម្ពុជា មានមូលដ្ឋាននៅទ្វីបអាស៊ី ភាគអាគ្នេយ៍ ឈរលេខ១៧៩ពិភពលោក
- ប្រទេសកាប់វែរ ស្ថិតនៅខាងកើតទ្វីបអាហ្វ្រិក ក្នុងមហាសមុទ្រអាត្លង់ទិច ឈរលេខ៦៥ពិភពលោក
- ប្រទេសគុយយ៉ាន ស្ថិតនៅខាងជើងទ្វីបអាមេរិកខាងជើង ក្នុងមហាសមុទ្រអាត្លង់ទិច ឈរលេខ១៥៧ពិភពលោក
- ប្រទេសគីនេអេក្វាទ័រ ស្ថិតនៅអាហ្វ្រិកកណ្តាល ឈរលេខ៧៩ពិភពលោក
ក្រៅពីនោះពានរង្វាន់ FIFA Series ក៏មានបែងចែកជា៤ក្រុមតូចៗផ្សេងទៀតដូចជា៖
- ប្រកួតនៅអារ៉ាប៊ីសាអ៊ូឌីត៖ មានប្រ៊ុយណេ, ហ្គីណេ, វ៉ានូអាទូ, គូរ៉ាសៅ
- ប្រកួតនៅអាល់ហ្សេរី៖ មានអាហ្វ្រិកខាងត្បូង, អង់ដូរ៉ា, ប៊ូឡាវី, អាល់ហ្សេរី
- ប្រកួតនៅស្រីលង្កា៖ មានស្រីលង្កា, អាហ្រ្វិកកណ្តាល, ប៊ូតាន់, ប៉ាពូញូវហ្គីណេ
- ប្រកួតនៅអាហ្សេបៃហ្សង់៖ មានអាហ្សេបៃហ្សង់, ម៉ុងហ្គោលី, តង់ហ្សានី, ប៊ុលហ្គារី
លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានត្រយង ថាលោកក៏បានឃើញព័ត៌មានក្រៅផ្លូវការនេះដែរ ប៉ុន្តែលោករង់ចាំឯកសារផ្លូវការជាក់លាក់ពី FIFA ជាមុនសិន ទើបអាចចាត់ទុកជាដំណឹងច្បាស់លាស់។
សូមបញ្ជាក់ថាចាប់តាំងពីបង្កើតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មកក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ប្រកួតទល់ក្រុមហ្គីណេ តែមួយគត់ដែលនៅក្រៅទ្វីបអាស៊ី ក្នុងឆ្នាំ១៩៦៦ គ្រាដែលកម្ពុជា ទទួលសិទ្ធិធ្វើម្ចាស់ផ្ទះកីឡា GANEFO ក្រៅពីនោះការប្រកួតផ្លូវការរបស់ក្រុមជម្រើសជាតិគឺសុទ្ធសឹងតែប៉ះជាមួយក្រុមបណ្តាប្រទេសក្នុងទ្វីបអាស៊ី ទាំងអស់។
ប្រសិនបើនេះជាព័ត៌មានពិតមែន នោះគឺជាលើកទី២ហើយក្នុងប្រវត្តិសាស្រ្តដែលបាល់ទាត់ជម្រើសជាតិបុរសកម្ពុជា ត្រូវប្រកួតទល់នឹងក្រុមនៅក្រៅទ្វីបអាស៊ី៕