កីឡាករនិងកីឡាការិនី ចន្លោះអាយុ១០ដល់១៩ឆ្នាំប្រមាណជាជិត៣០០នាក់ បានចូលរួមហ្វឹកហាត់និងប្រកួតធ្វើតេស្តបច្ចេកទេសក្នុងព្រឹត្តិការណ៍ Europe Trials ដែលរៀបចំពេញមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ លើទីលានបាល់ទាត់ក្នុងរាជធានីភ្នំពេញ។
បើតាមគណៈកម្មការរៀបចំការប្រកួតក្រុមចូលរួមប្រកួតនេះមានឈុត U10, U12, U13, U14, U16, U19 និងក្រុមនារី ដោយមានលោក Joel Arron និងគ្រូបង្វឹកខ្មែរនិងបរទេស ចូលរួមវាយតម្លៃ ជ្រើសរើសរកកីឡាករឆ្នើម (Top Talent) ប្រចាំព្រឹត្តិការណ៍តែម្តង។
លោក អ៊ូ ម៉ៅ នាយករងទទួលបន្ទុករួមនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ច្បារអំពៅ បានលើកឡើងថាព្រឹត្តិការណ៍ Europe Trials ជាសកម្មភាពល្អមួយ ជួយលើកស្ទួយវិស័យកីឡាក្នុងប្រទេស ដោយបានជ្រើសរើសប្អូនៗមកពីតាមសាលារដ្ឋ ឯកជន និងបណ្តាអង្គការ នានា។ លោកថានេះជាផ្នែកនៃការបណ្ដុះថ្នាលយុវជន ជំរុញឱ្យប្អូនៗកុមារបង្ហាញសមត្ថភាពរបស់ខ្លួនលើទីលានបាល់ទាត់ មានភាពរឹងមាំ បានស្គាល់គ្នាទៅវិញទៅមក និងមានសាមគ្គីគ្នា។
បើតាមលោក Alex Lim Eng Keat នាយកនាយកដ្ឋានទំនាក់ទំនងសាជីវកម្ម និងទីផ្សារ របស់ធនាគារព្រីនស៍ បានលើកឡើងថា ចំពោះកត្តាសង្គម ធនាគាររបស់លោក បានចាត់ទុកវិស័យកីឡាជារឿងចម្បងមួយ។ ជាក់ស្តែងធនាគារក៏ធ្លាប់បានចូលរួមឧបត្ថម្ភដល់កីឡាការិនី បូ សំណាង ផ្នែកអត្តពលិកកម្ម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ ថ្មីៗនេះ។ លោកបានជូនពរប្អូនៗអោយទទួលបានជោគជ័យ និងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពរបស់ខ្លួន។
ស្ថាបនិកក្លឹបបាល់ទាត់ Mate Jr ម៉ាក សុទ្ធាពិសិដ្ឋ បានថ្លែងអំណរគុណដល់មិត្តភក្តិកីឡាករកីឡាការិនី លោកគ្រូអ្នកគ្រូ គណៈកម្មការរៀបចំការប្រកួត ក្រុមហ៊ុនឧបត្ថម្ភ អាណាព្យាបាល រួមគ្នាជាផ្នែកនៃព្រឹត្តិការណ៍នេះ ដែលផ្តល់ឱកាសបង្ហាញសមត្ថភាពនិងទេពកោសល្យដល់គ្រូបង្វឹកបានឃើញ។ «ពួកយើងត្រូវប្រឹងប្រែងអោយអស់ពីសមត្ថភាព ដោយបញ្ចេញនូវសក្តានុភាពរបស់យើង ដើម្បីសម្រេចបានលទ្ធផលកាន់តែច្រើនក្នុងជីវិត»។ ពិសិដ្ឋ បន្ថែម។
ឆ្លងកាត់ការប្រកួតពេញមួយថ្ងៃលោក Joel Arron រួមទាំងគ្រូបង្វឹកខ្មែរនិងបរទេស នឹងជ្រើសរើសយកកីឡាករកីឡាការិនីឆ្នើម (Top Talent) ចំនួន១០នាក់ ដោយចំរាញ់ចេញពីឈុត U10, U12, U13, U14, U16, U19 និងក្រុមនារី ដែលបានចូលរួម ព្រមទាំងផ្ដល់រង្វាន់និងមេដាយលើកទឹកចិត្តទៀតផង៕