លោក Anthony John McMullen អតីតគ្រូបង្វឹកអ្នកចាំទីក្នុងក្លិបបាល់ទាត់វិសាខា សមាជិកលីគកំពូលប្រទេសកម្ពុជា Cambodian Premier League បានរកឃើញទ្រនំថ្មីហើយ ក្រោយចាកចេញពីកីឡដ្ឋានព្រីនស៍ ពោលគឺចូលរួមជាមួយក្លិបមានអាយុកាល៩៧ឆ្នាំ Valmiera FC សមាជិកពានរង្វាន់លីគកំពូលប្រទេសឡាតវី TonyBet Virslīga ក្នុងទ្វីបអឺរ៉ុប។
ក្លិបValmiera FC បានប្រកាសនាំចូលបុរសជនជាតិអង់គ្លេស Anthony John McMullen នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ថ្មីៗនេះ គឺមុន៦ថ្ងៃនៃការចាប់ផ្ដើមរដូវកាលថ្មីឆ្នាំ២០២៤ របស់ខ្លួន ដែលដំណើរការពីថ្ងៃទី៨ ខែមីនា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពានរង្វាន់លីគកំពូលនៃប្រទេសឡាតវី មានសមាជិកចំនួន១០ក្រុម ដោយត្រូវប្រកួតវិលជុំចំនួន១៨០ប្រកួត ទើបស្វែងរកឃើញម្ចាស់ជើងឯកប្រចាំឆ្នាំ ខណៈក្លិប Valmiera FC កាលពីរដូវកាលមុនឈរចំណាត់ថ្នាក់លេខ៤។ ក្រុមជើងឯកមានឈ្មោះទៅប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Champions League first qualifying round និងក្រុមលេខ២មានឈ្មោះទៅប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Conference League first qualifying round។ ក្រុមបាតតារាងត្រូវកាត់ចេញទៅប្រកួតលីគទី២ នៃប្រទេសឡាតវី ហើយក្រុមលេខ៩ ត្រូវប្រកួតជម្រុះរក្សាកៅអីក្នុងលីគជាបន្ត។
លោក Anthony John McMullen បានធ្វើដំណើរមកប្រទេសកម្ពុជា ពីដើមឆ្នាំ២០២៣ ដោយចុះកិច្ចសន្យាជាមួយក្លិបវិសាខា នៅថ្ងៃទី៥ ខែមករា ហើយចែកផ្លូវគ្នាវិញនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះជាលើកដំបូងហើយដែលលោកមកប្រកបអាជីពនៅទ្វីបអាស៊ី ខណៈកន្លងមកលោកធ្លាប់តែធ្វើការនៅទ្វីបអឺរ៉ុប ប៉ុណ្ណោះ។ លោកជាក្រុមការងាររបស់លោកគ្រូបង្កោល Simon McMenemy៕