ទីក្រុងបាងកក៖ មេធាវី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា តុលាការកំពូលរបស់ប្រទេសថៃ បានសម្រេចឱ្យអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលកំពុងនិរទេសខ្លួនឯង ឱ្យរួចផុតពីការចោទប្រកាន់ក្នុងសំណុំរឿងមួយដែលពាក់ព័ន្ធនឹងការធ្វេសប្រហែសនៅក្នុងសំណុំរឿងមួយក្នុងអំឡុងពេលលោកស្រី នៅកាន់អំណាចកាលពីឆ្នាំ២០១៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤។

លោកស្រី យីងឡាក់ ជាសមាជិកដ៏លេចធ្លោម្នាក់នៃគ្រួសារត្រកូល ស៊ីណាវ៉ាត្រា ដ៏មានឥទ្ធិពល បានរស់នៅក្រៅប្រទេសអស់រយៈពេល៦ឆ្នាំចុងក្រោយនេះ ដើម្បីគេចពីការផ្តន្ទាទោសដាក់ពន្ធនាគារ សម្រាប់ការធ្វេសប្រហែស បន្ទាប់ពីការផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រីដោយរដ្ឋប្រហារយោធាឆ្នាំ២០១៤។

ការសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់តុលាការ គឺជាលទ្ធផលអំណោយផលចុងក្រោយបំផុតសម្រាប់គ្រួសារ ស៊ីណាវ៉ាត្រា ដ៏លេចធ្លោ ដែលមានបក្សភឿថៃកំពុងកាន់អំណាច។

យ៉ាងណាម៉ិញ តុលាការ​មិន​ទាន់​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​ការ​សម្រេច​នេះ​នៅ​ឡើយ​ទេ ខណៈលោកស្រី យីងឡាក់ គឺជាប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែលថ្មីៗនេះត្រូវបានដោះលែងពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ និងត្រូវបានបន្ធូរបន្ថយទោសត្រឹមរយៈពេល ១ឆ្នាំ ចាប់តាំងពីត្រឡប់ចូលស្រុកវិញរបស់លោក ក្រោយនិរទេសខ្លួនចេញពីប្រទេសជាច្រើនឆ្នាំ។

ការវិលត្រឡប់ចូលមកស្រុកវិញ និងការឃុំខ្លួនប្រកបដោយអំណោយផលបានបង្កឱ្យមានការរំពឹងទុកយ៉ាងទូលំទូលាយថា មហាសេដ្ឋីដ៏មានឥទ្ធិពលរូបនេះបានធ្វើកិច្ចព្រមព្រៀងនយោបាយសម្ងាត់ជាមួយសត្រូវដ៏យូរលង់របស់គាត់នៅក្នុងការបង្កើតយោធា និងអភិរក្សនិយមរបស់ប្រទេសថៃ ប៉ុន្ដែសម្ព័ន្ធមិត្តរបស់គ្រួសារត្រកូលស៊ីណាវ៉ាត្រា បានបដិសេធលើការចោទប្រកាន់ទាំងនេះ។

ដោយឡែក សំណុំរឿងខាងលើរបស់លោកស្រី Yingluck គឺផ្តើមចេញមកពីពាក្យបណ្តឹងមួយកាលពីឆ្នាំ២០២២ ធ្វើឡើងដោយគណៈកម្មការជាតិបង្ក្រាបអំពើពុករលួយ របស់ប្រទេសថៃ ប្រឆាំងលើរូបលោកស្រី និងបុគ្គល៤នាក់ទៀត ដែលបានចោទប្រកាន់ថា អ្នកទាំង៥ បានធ្វើឱ្យប្រទេសជាតិរងការខាតបង់ តាមរយៈការមិនអនុវត្តតាម ដំណើរការដេញថ្លៃ ក្នុងការផ្តល់កិច្ចសន្យាមួយរបស់រដ្ឋាភិបាល ដែលមានតម្លៃ២៥០លានបាត ឬស្មើនឹង៦.៧១លានដុល្លារ។

ទាក់ទិននឹងបញ្ហានេះ មេធាវីលោកស្រីបានអះអាងថា តុលាការកំពូលថៃ បានសម្រេចទម្លាក់ចោល សំណុំរឿងនេះ ក្រោយរកឃើញថា អ្នកទាំង៥ បានបំពេញភារកិច្ចរបស់ខ្លួនស្របទៅតាមច្បាប់ ហើយពុំបានទទួលអត្ថប្រយោជន៍អ្វីឡើយ។

លោកស្រី យីងឡាក់ ធ្លាប់ត្រូវបានកាត់ទោសកំបាំងមុខពីបទធ្វេសប្រហែសក្និងការបំពេញតួនាទី ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ជុំវិញគម្រោងសន្យាទិញស្រូវរបស់រដ្ឋាភិបាល ដែលធ្វើឲ្យរដ្ឋខាតបង់រាប់ពាន់លានដុល្លារ៕

ប្រភព៖ CNA

Share.