លោក Huang Guohui គ្រូបង្វឹកហែលទឹកជនជាតិចិន ដែលដឹកនាំក្រុមជម្រើសជាតិវៀតណាម បានទទួលមរណភាពនៅអំឡុងពេលធ្វើចត្តាឡីស័ក ក្រោយធ្វើដំណើរត្រឡប់មកពីប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ Olympic Games 2020 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សារព័ត៌មាន VnExpress របស់វៀតណាម បានបញ្ជាក់ថាមរណភាពរបស់គ្រូបង្វឹករូបនេះនៅមិនទាន់អាចបញ្ជាក់បាននោះទេ តែអាជ្ញាធរក្នុងទីក្រុងហាណូយ ដាក់ការសង្ស័យជាបឋមថាទំនងជាអំពើអត្តឃាត។ លោក Trần Đức Phấn នាយបេសកកម្មប្រតិភូអត្តពលិកវៀតណាម បានបញ្ជាក់ថាលោក Huang Guohui បានមរណភាពនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ថ្មីៗនេះ ប៉ុន្តែលោកបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២ដូស រួចរាល់ហើយផងដែរ។
លោក Huang Guohui បានចូលដឹកនាំក្រុមជម្រើសជាតិហែលទឹកវៀតណាម កាលពីឆ្នាំ២០០៣ ហើយធ្លាប់សាងស្នាដៃឈ្នះមេដាយជាច្រើនលើឆាកអន្តរជាតិទាំងក្នុងកីឡាស៊ីហ្គេម កីឡាកម្រិតទ្វីបអាស៊ី Asian Games និងពានរង្វាន់មួយចំនួនផ្សេងទៀត៕