យោងតាមការចុះផ្សាយរបស់ក្រុមហ៊ុន Cambodian Premier League កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថាក្រុមបាល់ទាត់វិសាខា ទាំងឈុតធំ និងឈុត (ខ) គីមិនមានការប្រកួតនោះទេ ក្រោយក្លិបបាល់ទាត់វិសាខា បានប្រកាសដកខ្លួនចេញពីគ្រប់ពានរង្វាន់ដែលខ្លួននៅសេសសល់ ក្នុងរដូវកាលឆ្នាំ២០២៣-២៤ នេះ ពោលគឺគ្រប់ពានរង្វាន់ដែលរៀបចំឡើងដោយក្រុមហ៊ុន Cambodian Premier League (លីគទី១ និងលីគទី២) និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។
សេចក្តីជូនដំណឹងរបស់ CPL៖
– វិសាខា ប្រកួតជាមួយ ព្រះខ័នរាជ ស្វាយរៀង ហ្វូតបល ក្លិប ឯ.ក នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ សប្តាហ៍ទី២៤ គឺមិនមានការប្រកួតនោះទេ។
– សៀមរាប អេហ្វសុី ប្រកួតជាមួយ វិសាខា (ខ) នៃការប្រកួតជម្រើសជើងឯក ខេមបូឌានលីគ២ ឆ្នាំ២០២៣-២០២៤ សប្តាហ៍ទី២០ គឺមិនមានការប្រកួតនោះទេ។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27153421/image-576-905x1024.png)
គួរដឹងថាក្លិបបាល់ទាត់វិសាខា បានឡើងមកលេងលីគកំពូលកម្ពុជា នៅរដូវកាលឆ្នាំ២០១៨ ក្រោយឈ្នះជើងឯកលីគទី២ នៅរដូវកាលឆ្នាំ២០១៧។ ក្នុងរដូវកាលដំបូងក្នុងលីគកំពូលកម្ពុជា ក្លិបមួយនេះបានខ្ចីកីឡដ្ឋានក្លិបវេស្ទើន ធ្វើជាទឹកដីខ្លួនបណ្ដោះអាសន្ន ស្របពេលខ្លួនបានកសាងកីឡដ្ឋានស្តង់ដារ នៅម្តុំហ្រ្គេនភ្នំពេញ ហើយក្រោយសាងសង់រួចរាល់ ក្លិបបានដាក់ឈ្មោះថាកីឡដ្ឋានព្រីនស៍។
កីឡដ្ឋានព្រីនស៍ ធ្លាប់ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតថ្នាក់ជាតិនិងអន្តរជាតិជាច្រើន ជាពិសេសជាទីតាំងសំខាន់មួយក្នុងបេសកកម្មរបស់កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ កន្លងទៅថែមទៀតផង។
ក្រុមថ្មីថ្មោងមួយនេះធ្លាប់ឈរជាក្រុមជើងឯករងពានរង្វាន់លីគកំពូលកម្ពុជា ២សម័យកាលគឺនៅឆ្នាំ២០១៩ និង២០២២ ខណៈជាក្រុមឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ៣សម័យកាលជាប់ៗគ្នាគឺនៅឆ្នាំ២០២០, ២០២១, ២០២២ ព្រមទាំងធ្លាប់រងជើងឯកពានរង្វាន់ Cambodian Super Cup នៅឆ្នាំ២០២២ និង ២០២៣ និងរងជើងឯកពានរង្វាន់ Cambodian League Cup ឆ្នាំ២០២២ ទៀតផង។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27153420/image-577-905x1024.png)
ក្រុមវិសាខា ធ្លាប់តំណាងឱ្យកម្ពុជា ចូលប្រកួតពានរង្វាន់ទ្វីបអាស៊ី AFC Cup នៅឆ្នាំ២០២២ កន្លងទៅ តែនៅឆ្នាំ២០២១ ក្លិបនេះក៏ជាបេក្ខភាពដែរ ត្រូវបានសហព័ន្ធបាល់ទាត់អាស៊ី រំសាយដោយសារតែស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
ក្លិបវិសាខា បានបណ្តុះយុវជនគ្រប់កម្រិត និងក្រុមនារី ថែមទៀត ខណៈបច្ចុប្បន្ននេះក្លិបហៀបនឹងសាងសង់មជ្ឍមណ្ឌល Visakha Dream រួចរាល់នៅម្តុំកប់ស្រូវ៕
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)