ការប្រកួតជម្រុះកីឡាអូឡាំពិករដូវក្ដៅ The 2024 Summer Olympics ផ្នែកកីឡាតេក្វាន់ដូ (WTF) Asian Qualification Tournament ប្រចាំទ្វីបអាស៊ី នៅប្រទេសចិន បានបញ្ចប់ហើយកាលពីពេលថ្មីៗ ស្របពេលដែលប្រទេសថៃ ជាសមាជិកអាស៊ាន តែមួយគត់មានអត្តពលិកកក់សំបុត្រយន្តហោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។
កីឡាតេក្វាន់ដូ WTF មានចំនួន៨ វិញ្ញាសា សម្រាប់ប្រកួតប្រជែងដោយអត្តពលិកតំណាងអោយទ្វីបអាស៊ី Asian Qualification Tournament ទៅប្រកួតនៅអូឡាំពិក រដូវក្តៅលើកនេះមាន៖
- បុរស -៥៨Kg ៖ Yaser Ismail (ប៉ាឡេស្ទីន) និង Samirkhon Ababakirov (កាហ្សាក់ស្ថាន)
- បុរស -៦៨ Kg ៖ Banlung Tubtimdang (ថៃ) និង Ali Reza Abbasi (EOR)
- បុរស -៨០ Kg ៖ Jasurbek Jaysunov (អ៊ូប៊ែគីស្ថាន) និង Batyrkhan Toleugali (កាហ្សាក់ស្ថាន)
- បុរស +៨០ Kg ៖ Song Zhaoxiang (ចិន) និង Arian Salimi (អ៊ីរ៉ង់)
- នារី -៤៩ Kg៖ Mobina Nematzadeh (អ៊ីរ៉ង់), Dunya Abutaleb (អារ៉ាប់ប៊ីសាអូឌីត) និង Panipak Wongpattanakit (ថៃ) WT Olympic Rankings (ត្រឹម ៣ ធ្នូ ២០២៣)
- នារី -៥៧Kg ៖ Laetitia Aoun (លីបង់) និង Kim Yu-jin (កូរ៉េខាងត្បូង)
- នារី -៦៧ Kg ៖ Sasikarn Tongchan (ថៃ) និង Ozoda Sobirjonova (អ៊ូប៊ែគីស្ថាន)
សម្រាប់កម្ពុជា បានបញ្ជូនអត្តពលិកចំនួន៣រូបទៅប្រកួតជម្រុះ ដោយក្នុងនោះមាន៖
- ទី១) កីឡាករ វ៉ា មិថុនា ប្រកួតវិញ្ញាសា បុរស -៨០ Kg ដោយវគ្គ១៦នាក់ចុងក្រោយបានយកឈ្នះកីឡាករ Wael Al-Farraj (EOR) ដោយលទ្ធផល ៦-០, ១២-០ តែចូលដល់៨ក្រុមចុងក្រោយបានចាញ់កីឡាករ Jasurbek Jaysunov (អ៊ូប៊ែគីស្ថាន) ដោយលទ្ធផល ១៣-០, ១៣-០។ ចំណែកកីឡាករ Jasurbek Jaysunov បន្តឈ្នះកីឡាករ Saif Taher (អ៊ីរ៉ាក់) ហើយមានឈ្មោះទៅប្រកួតនៅទីក្រុងប៉ារីស ជាបន្តតែម្តង។
- ទី២) កីឡាការិនី គ្រី លីដែន ប្រកួតវិញ្ញាសានារី -៤៩ Kg បានប្រកួតធ្លាក់ចេញត្រឹមវគ្គ១៦នាក់ចុងក្រោយ ពោលគឺចាញ់កីឡាការិនី Su Po-ya (តៃវ៉ាន់) ដោយលទ្ធផល ១២-០, ១១-៨
- ទី៣) កីឡាការិនី Julie Mam ប្រកួតវិញ្ញាសានារី – ៥៧ Kg បានឡើងដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ពោលគឺ៖
– វគ្គ៨នាក់ចុងក្រោយ ឈ្នះ Mariya Sevostyanova (កាហ្សាក់ស្ថាន) ៨-៦, ៣-២
– វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ចាញ់ Kim Yu-jin (កូរ៉េខាងត្បូង) ១៥-៥, ១២-១
– វគ្គចំណាត់ថ្នាក់លេខ៣ ចាញ់Jessica Canabal (ហ្វីលីពីន) ៣-១, ៣-៤, ៣-១
*បញ្ជាក់៖ អត្តពលិកឈ្នះវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ មានឈ្មោះទៅប្រកួតបន្តនៅ 2024 Summer Olympics ក្នុងទីក្រុងប៉ារីស ហើយអ្នកចាញ់ត្រូវប៉ះអ្នកចាញ់ដូចគ្នា ដណ្តើមចំណាត់ថ្នាក់លេខ៣
ខាងក្រោមជាវីដេអូវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ របស់កីឡាការិនី Julie Mam របស់កម្ពុជា៖
សូមបញ្ជាក់ថាការកំណត់កូតាឡើងទៅប្រកួតកីឡាអូឡាំពិករដូវកាលក្តៅ នៅទីក្រុងបារីស គឺយកអត្តពលិកតេក្វាន់ដូ WTF ចំនួន១៦នាក់ តាមវិញ្ញាសានីមួយៗទាំង៨ ពោលគឺ៖
ទី១) WT Olympic Rankings ៖ រាប់ត្រឹម ៣ ធ្នូ ២០២៣ កំណត់យកចំនួន៥នាក់
ទី២) WT Grand Slam Series Rankings៖ កំណត់យក១នាក់
ទី៣) African Qualification Tournament៖ កំណត់យក២នាក់
ទី៤) European Qualification Tournament៖ កំណត់យក២នាក់
ទី៥) Asian Qualification Tournament៖ កំណត់យក២នាក់
ទី៦) Oceania Qualification Tournament៖ កំណត់យក១នាក់
ទី៧) Pan American Qualification Tournament៖ កំណត់យក២នាក់
ទី៨) Host nation / Universality places៖ កំណត់យក១នាក់
កីឡាតេក្វាន់ដូ WTF មានប្រភពមកពីប្រទេសកូរ៉េខាងត្បូង ដូចបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅលើកដំបូងក្នុងឆ្នាំ១៩៨៨ គ្រាដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះ ក្នុងនាមជាប្រភេទកីឡាសម្រាប់បង្ហាញ (Demonstration) រហូតដល់ឆ្នាំអូឡាំពិកឆ្នាំ២០០០ ក្នុងប្រទេសអូស្ត្រាលី កីឡានេះបានដាក់អោយប្រកួតជាផ្លូវការ មកទល់បច្ចុប្បន្ន។
ប្រទេសថៃ ធ្លាប់ឈ្នះមេដាយ កីឡាតេក្វាន់ដូ WTF ក្នុងកីឡាអូឡាំពិករហូតដល់៦គ្រឿង ក្នុងនោះមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ៣ ខណៈប្រទេសអាស៊ានទី២ គឺវៀតណាម ដែលឈ្នះមេដាយក្នុងប្រភេទកីឡាតេក្វាន់ WTF នៅអូឡាំពិក ក្នុងឆ្នាំ២០០០ ហើយនេះក៏ជាមេដាយលើកដំបូងជាប្រវត្តិសាស្រ្តរបស់វៀតណាម ផងដែរ។ កាលនោះរកបានដោយកីឡាការិនី Trần Hiếu Ngân ប្រកួតវិញ្ញាសានារី ៥៧Kg។
ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ រៀបចំឡើងរាល់៤ឆ្នាំម្តង ខណៈការប្រកួតលើកទី៣៣នេះធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង គ្រោងដំណើរការពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា និងពិធីបិទនៅថ្ងៃទី១១ សីហា ឆ្នាំ២០២៤ ដែលដាក់កីឡាចំនួន៣២ មាន៣២៩វិញ្ញាសា អោយអត្តពលិកប្រមាណ១០,៥០០នាក់ចូលរួមប្រកួតប្រជែង៕