២០ឆ្នាំមកនេះ ក្រុមបាល់ទាត់ជម្រើសជាតិសាន់ម៉ារីណូ ស្ថិតក្នុងទ្វីបអឺរ៉ុប នៅតែមិនទាន់អាចបង្កើតកំណត់ត្រារកបានជ័យជម្នះជូនមាតុភូមិរបស់ខ្លួននៅឡើយ ខណៈប្រកួតលើកទី២០៣ របស់ខ្លួននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ថ្មីៗនេះ ក្រុមសាន់ម៉ារីណូ បានត្រឹមស្មើគ្នាទល់នឹងក្រុម Saint Kitts and Nevis ០-០។
នៅក្នុងថ្ងៃ FIFA Days នេះក្រុមសាន់ម៉ារីណូ បានណាត់ក្រុម Saint Kitts and Nevis មកពីតំបន់ការ៉ាប៊ី ប្រកួតមិត្តភាពអន្តរជាតិចំនួន២ប្រកួត លើទីលានកីឡដ្ឋាន San Marino Stadium ក្នុងទីក្រុង Serravalleរបស់ខ្លួនដោយលទ្ធផល៖
- ២០ មីនា ២០២៤ សាន់ម៉ារីណូ ១-៣ Saint Kitts and Nevis
- ២៤ មីនា ២០២៤ សាន់ម៉ារីណូ ០-០ Saint Kitts and Nevis
ដូច្នេះកំណត់ត្រារបស់ប្រទេសសាន់ម៉ារីណូ មានដូចជា៖
- ប្រកួតបាន២០៣លើក
- ឈ្នះបាន១លើក
- ស្មើគ្នា៩លើក
- ចាញ់១៩៣លើក
- ទាត់ចូលទីគេបាន៣២គ្រាប់
- របូតគ្រាប់បាល់វិញ ៨១៦គ្រាប់
- ខាងឈ្នះ ២០ឆ្នាំ (៧២៧០ថ្ងៃ)
- ក្រុមដែលខ្លួនអាចឈ្នះគឺ លិចតិនស្តាញ (ឈ្នះ ១-០ នៅថ្ងៃទី២៨ មេសា ២០០៤)
ទោះជាទទួលបានបរាជ័យច្រើនក៏ពិតមែន ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់សាន់ម៉ារីណូ នៅតែបន្តដាក់ផែនការប្រកួតសម្រាប់ក្រុមជម្រើសជាតិខ្លួន ដោយត្រៀមណាត់ក្រុមជម្រើសជាតិស្លូវ៉ាគី ប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ក្នុងទីក្រុង Wiener Neustadt ប្រទេសអូទ្រីស៕