ម្ចាស់មេដាយមាសនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ចំនួន ៦នាក់ បានកក់សំបុត្រយន្តហោះ ដើម្បីទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្ដៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងចំណោមអត្តពលិក ៩នាក់ផ្សេងទៀតរបស់ប្រទេសហ្វីលីពីនមុនគេ។
ក្នុងនោះអត្តពលិកទាំង ៩នាក់ ដែលក្នុងនោះមាន ៥នាក់ក៏ជាម្ចាស់មេដាយមាស ស៊ីហ្គេមនៅកម្ពុជាមានដូចខាងក្រោម៖
ទី១ កីឡាករ EJ Obiena
EJ Obiena គឺជាកិឡាករអត្តពលកម្មវិញ្ញាសារលោតកម្ពស់ទីមួយ របស់ប្រទេសហ្វីលីពីន ដែលស្ថិតក្នុងបញ្ជីឈ្មោះ ទៅចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីសប្រទេសបារាំង។ ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា រូបនេះ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក នៅពីក្រោយម្ចាស់មាសជើងឯកអូឡាំពិក Mondo Duplantis។
ទី២ កីឡាករ Carlos Yulo
Carlos Yulo គឺជាកីឡាករកាយសម្ព័ន្ធ ដែលបានកក់សំបុត្រយន្តហោះទៅចូលរួមប្រកួតកីឡា អូឡាំពិកនៅទីក្រុមប៉ារីស ប្រទេសបារាំង។ បច្ចុប្បន្ន Carlos Yulo កំពុងធ្វើការហ្វឹកហាត់ជាបន្តបន្ទាប់ដើម្បីបំពេញសមត្ថភាពរបស់គេឱ្យកាន់តែល្អឥតខ្ចោះ។
ក្នុងវ័យត្រឹមតែ ២៤ឆ្នាំ Carlos Yulo ម្ចាស់ជើងឯកពិភពលោក ឈ្នះមេដាយមាស ២គ្រឿង ម្ចាស់ជើងឯកអាស៊ី ឈ្នះមេដាយមាស ៦គ្រឿង និងម្ចាស់ជើងឯកអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឈ្នះមេដាយមាស ៩គ្រឿង ខណ:កាលនៅកម្ពុជា រូបគេឈ្នះមេដាយ ៤គ្រឿង (មាស ២ ប្រាក់២)។
ទី៣ កីឡាការិនី Aleah Finnegan
មុនពេលឈានជើងចូលទីក្រុងប៉ារីស កីឡាការិនី Aleah Finnegan គឺជាអ្នកបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កីឡាការិនីកាយសម្ព័ន្ធហ្វីលីពីន បន្ទាប់ពីការជម្រុះរបស់នាងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នេះគឺជាលើកទី១ ហើយដែលកីឡាកាយសម្ព័ន្ធនារី របស់ហ្វីលីពីន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ចូលរួមប្រកួតកីឡាអូឡាំពិក គិតចាប់តាំងពីឆ្នាំ១៩៦៤។
ទី៤ កីឡាករ Eumir Marcial
Eumir Marcial គឺជាអត្តពលិកម្នាក់ទៀតរបស់ប្រទេសហ្វីលីពីន ដែលនឹងត្រូវទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលខាងមុខ។ កីឡាករប្រដាល់សកល មានវ័យ២៨ឆ្នាំរូបនេះ បានរក្សាកំណត់ត្រាឈ្នះគ្រប់ការប្រកួតរបស់ខ្លួន ៥ប្រកួតឈ្នះទាំង៥ ជាមួយនឹងកំណត់ត្រាកីឡាករល្អបំផុតរបស់ពិភពលោក។
ទី៥ កីឡាការិនី Nesthy Petecio
អ្នកប្រដាល់ស្រីឆ្នើមរបស់ប្រទេសហ្វីលីពីននាពេលបច្ចុប្បន្ននេះ Nesthy Petecio វ័យ៣១ ឆ្នាំ ស្ថិតក្នុងចំណោមអត្តពលិក ត្រៀមចូលរួមប្រកួតនៅអូឡាំពិកឆ្នាំ២០២៤។ បន្ទាប់ពីការប្រកួតជម្រុះកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រូបគេនឹងត្រៀមខ្លួនចូលរួមសម្រាប់វិញ្ញាសាទម្ងន់៥៧ គីឡូក្រាមនៅទីក្រុងប៉ារីស។ការចូលរួមលើកនេះក៏ជាកន្លែងដែលនាងអាចមានឱកាសបង្កើតប្រវត្តិសាស្ត្របថ្មីន្ថែមទៀតសម្រាប់ប្រដាល់ស្រ្តី ហ្វីលីពីន បន្ទាប់ពីឈ្នះមេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ទី៦ កីឡាការិនី Aira Villegas
នេះគឺជាលើកទី១ ដែលកីឡាការិនី Aira Villegas នឹងចូលរួមប្រកួតកីឡាអូឡាំពិក នាពេលខាងមុខ។ Aira Villegas ជាអ្នកប្រដាល់ហ្វីលីពីនម្នាក់ទៀតដែល នឹងផ្តល់ឱ្យហ្វីលីពីននូវឱកាសឈ្នះមេដាយបន្ថែម។ នៅក្នុងវ័យ ២៩ឆ្នាំ Aira Villegas មានបទពិសោធន៍ នៅលើសង្វៀនជាច្រើន និងធ្លាប់ជាម្ចាស់មេដាយសំរឹទ្ធ កាលស៊ីហ្គេម ឆ្នាំ២០១៩ផងដែរ។
ទី៧ កីឡាករ John Ceniza
កីឡាករ John Ceniza ក៏ស្ថិតក្នុងបញ្ជីត្រៀមខ្លួនសម្រាប់ការប្រកួតលើកដំបូង ក្នុងព្រឹត្តិការន៍កីឡាអូឡាំពិក បន្ទាប់ពីបង្ហាញសមត្ថភាពបានយ៉ាល្អក្នុងព្រឹត្តិការណ៍ International Weightlifting Federation (IWF) World Cup បុរសទម្ងន់ ៦១ គីឡូក្រាម នៅទីក្រុម Phuket ប្រទេសថៃ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤។
ទី៨ កីឡាការិនី Elreen Ando
ម្ចាស់មេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កីឡាការិនី Elreen Andoក៏ទទួលបានកៅអីទៅចូលរួមប្រកីឡាអូឡាំពិក នៅប្រទេសបារាំង ក្រោយពីបន្ទាប់ពីការបង្ហាញខ្លួនដ៏រឹងមាំក្នុងព្រឹត្តិការណ៍ IWF World Cup នៅទីក្រុម Phuket ប្រទេសថៃ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ កីឡាការិនីលើកទម្ងន់ Cebuana វ័យ២៥ឆ្នាំរូបនេះ នឹងត្រៀមចូលរួមប្រកួតក្នុងប្រភេទទម្ងន់៥៩ គីឡូក្រាមនៃព្រឹត្តិការណ៍អូឡាំពិក។
ទី៩ កីឡាការិនី Vanessa Sarno
ម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា Vanessa Sarno ក៏ទទួលបានកៅអីក្នុងព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសបារាំង។ មានវ័យត្រឹម ២០ឆ្នាំបានស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០នៃចំណាត់ថ្នាក់កីឡាអូឡាំពិក IWF បន្ទាប់មានការចាប់អារម្មណ៍ក្នុងការប្រកួត World Cup ដែលនាងបានបំបែកកំណត់ត្រាជាតិផ្ទាល់ខ្លួនរបស់នាង។
គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ រៀបចំឡើងរាល់៤ឆ្នាំម្តង។ នេះគឺការប្រកួតលើកទី៣៣នេះធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង គ្រោងដំណើរការពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា និងពិធីបិទនៅថ្ងៃទី១១ សីហា ឆ្នាំ២០២៤ ដែលដាក់កីឡាចំនួន៣២ មាន៣២៩វិញ្ញាសា អោយអត្តពលិកប្រមាណ១០,៥០០នាក់ចូលរួមប្រកួតប្រជែង៕