ក្រុមបាល់ទាត់ Young Elephants FC របស់ប្រទេសឡាវ បានចាប់ឆ្នោតជួបក្រុមព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ក្លិបជើងឯកតំបន់អាស៊ាន 2024–25 Shopee Cup ក្នុងវគ្គជម្រុះបឋម ស្របពេលក្លិបមួយនេះទើបតែបញ្ចប់បេសកកម្មក្នុងពានរង្វាន់មិត្តភាពអន្តរជាតិនៅប្រទេសម៉ាឡេស៊ី Selangor KUSEL Asia Challenge 2024 ដោយបរាជ័យទាំង២ប្រកួត។
ពានរង្វាន់ Selangor KUSEL Asia Challenge 2024 រៀបចំឡើងដោយក្លិបបាល់ទាត់ Selangor FC របស់ម៉ាឡេស៊ី ដោយអញ្ញើញក្រុមចំនួន៣ចូលរួម មានដូចជាក្លិប Balestier Khalsa FC (សិង្ហបុរី) Duli Pengiran Muda Mahkota FC (DPMM FC) ប្រ៊ុយណេ និង Young Elephants FC (ឡាវ) ក្នុងកីឡដ្ឋាន MBPJ របស់ខ្លួន។
លទ្ធផលនៃការប្រកួត៖
ប្រកួតទី១ថ្ងៃទី២៦ មេសា ២០២៤៖
*Balestier Khalsa FC ១-០ Young Elephants FC
*Selangor FC ៤-០ DPMM FC
ប្រកួតទី២ថ្ងៃទី២៨ ខែមេសា ២០២៤៖
*DPMM FC ៣-៣ Balestier Khalsa FC
*Selangor FC ៤-០ Young Elephants FC
ក្រុមបាល់ទាត់ Young Elephants FC បង្កើតឡើងដំបូងពីឆ្នាំ២០១៥ ស្របពេលបច្ចុប្បន្នមានលោក Jason Lim ជាជនជាតិសិង្ហបុរី ជាប្រធានក្លិប។ ក្រុមនេះគ្រងជើងឯកលីគកំពូលរបស់ឡាវ Lao League 1 ចំនួន២ឆ្នាំជាប់គ្នានៅឆ្នាំ២០២២ និង២០២៣ ស្របពេលដែលពានរង្វាន់ Lao FF Cup នៅឆ្នាំ២០២០ និង២០២២។
ចំណែកក្នុងពានរង្វាន់ 2024–25 Shopee Cup វិញគឺតម្រូវឱ្យមានក្រុមចូលរួមចំនួន១៤ក្រុម ដោយបែងចែកការប្រកួតជា២វគ្គ ក្នុងនោះមានវគ្គជម្រុះ និងវគ្គចែកពូល ពីថ្ងៃទី១៧ កក្កដា ២០២៤ ដល់២១ ឧសភា ២០២៥។
វគ្គជម្រុះមានក្រុម៖
*Young Elephants FC (ឡាវ) ប៉ះ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
*Kasuka (ប្រ៊ុយណេ) ប៉ះ Shan United (មីយ៉ាន់ម៉ា)
ការប្រកួតមាន២ជើង ដោយជើងទី១ ធ្វើឡើងនៅថ្ងៃទី១៧ កក្កដា និងជើងទី២ នៅថ្ងៃទី២៤ កក្កដា ២០២៤។
ចំណែកក្រុមដែលនៅចាំក្នុងវគ្គចែកពូលមាន៖
*ពូល A មាន៖
BG Pathum United (ថៃ)
Terengganu (ម៉ាឡេស៊ី)
PSM Makassar (ឥណ្ឌូណេស៊ី)
Dong A Thanh Hoa (វៀតណាម)
ក្រុមឈ្នះវគ្គជម្រុះគូទី១ អាចជាYoung Elephants FC (ឡាវ) ឬ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
ក្រុមឈ្នះវគ្គជម្រុះគូទី២ អាចជាKasuka (ប្រ៊ុយណេ) ប៉ះ Shan United (មីយ៉ាន់ម៉ា)
*ពូល B មាន៖
Buriram United (ថៃ)
Kuala Lumpur City (ម៉ាឡេស៊ី)
Cong An Ha Noi (វៀតណាម)
Borneo (ឥណ្ឌូណេស៊ី)
Kaya FC—Iloilo (ហ្វីលីពីន)
Lion City Sailors (សិង្ហបុរី)
ពានរង្វាន់ជើងឯកតំបន់អាស៊ាន នេះធ្លាប់រៀបចំឡើង២លើកមក ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុមPahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ។
ចំណែកក្រុមតំណាងអោយកម្ពុជា ចូលរួមក្នុងពានរង្វាន់នេះគឺ នៅឆ្នាំ២០០៣ ក្រុមSamart United (បច្ចុប្បន្នភ្នំពេញក្រោន) ហើយនៅឆ្នាំ២០០៥ ចូលរួមដោយក្រុមណាហ្គាខប (បច្ចុប្បន្ន ណាហ្គាវើល)៕