ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 ក្រោយ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣​ជុំ និង​បន្ត​ប្រកួត Top 4 មាន​​៧៦​ពិន្ទុ​ច្រើន​ជាង​ក្រុម​ទាំង​៩​ផ្សេង​​ទៀត។

ក្នុង​ចំណោម​៣០​ប្រកួត​ពេញ​១រដូវកាល​ក្រុម​ព្រះខ័នរាជស្វាយរៀង រក​បាន​ជ័យជម្នះ​ចំនួន​២៤​ប្រកួត ស្មើ​គ្នា​៤ប្រកួត និង​ចាញ់​២​ប្រកួត​​ខណៈ​ក្រុម​ជើង​ឯក​រង​​គឺ​ភ្នំពេញក្រោន ប្រកួត​​៣០លើក ឈ្នះ​២១​លើក ស្មើ​៥​លើក​និង​ចាញ់​៤លើក ហើយ​ក្រុម​លេខ៣​វិសាខា ប្រកួត​៣០លើក ឈ្នះ​១៥លើក ស្មើ​៣លើក​និង​ចាញ់​១២លើក។

នេះ​ជា​លើក​ទី៣ហើយ​ដែល​ក្រុម​ព្រះខ័នរាជស្វាយរៀង ឈ្នះ​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ក្រោយ​ឈ្នះ​លើក​ទី១​នៅ​ឆ្នាំ​២០១៣ និង​លើក​ទី២ ឈ្នះ​នៅ​ឆ្នាំ​២០១៩ ខណៈ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង មួយ​នេះ​ធ្លាប់​ឈ្នះ​ជើង​ឯក​រង​៣លើក​ នៅ​ឆ្នាំ​២០១០, ២០២០,២០២១ និង​ធ្លាប់​ឈ្នះ​លេខ៣ នៅ​ឆ្នាំ​២០០៩,២០១១,២០១២,២០១៧ និង​២០២២ ផង​ដែរ។

បើងាក​ទៅ​មើល​លទ្ធផល​នៃ​ការ​ប្រកួត​លីគ​កំពូល​តាម​បណ្តា​ប្រទេស​អាស៊ាន (AFF) ទាំង​១២​ឃើញ​ថា​មាន​​ប្រទេស​ចំនួន​៣​ហើយ រក​ម្ចាស់​ជើង​ឯក​ឃើញ ឬ អាច​និយាយ​បាន​ថា​បញ្ចប់​រដូវកាល​២០២៣-២៤ ខណៈ​ប្រទេស​ខ្លះ​បាន​ចាប់​ផ្តើម​រដូវកាល​ឆ្នាំ​២០២៤-២៥ បណ្តើរៗ​ដែរ​ហើយ។

សារព័ត៌មាន​ត្រយង សូម​លើក​យក​ពី​ទិន្នន័យ​លីគ​កំពូល​តាម​បណ្តា​សមាជិក AFF​មាន៖
*លីគ​កំពូល​​វៀតណាម 2023–24 V.League 1៖ ចប់​ខែ​កក្កដា
*លីគ​កំពូល​ថៃ 2023–24 Thai League 1៖ ចប់​២៦ ឧសភា ២០២៤
*លីគ​កំពូល​មីយ៉ាន់ម៉ា 2024 Myanmar National League៖ មិថុនា ២០២៤ ដល់​កុម្ភៈ ២០២៥
*លីគ​កំពូល​ឡាវ 2024 Lao League 1៖ មិន​ទាន់​ចាប់​ផ្តើម
*លីគ​កំពូល​ប្រ៊ុយណេ 2024 Brunei Super League ៖ មិន​ទាន់​ចាប់​ផ្តើម
*លីគ​កំពូល​ហ្វីលីពីន 2024 Philippines Football League៖ ចប់​ខែ​មិថុនា
*លីគ​កំពូល​សិង្ហបុរី 2024–25 Singapore Premier League៖ ចប់​ខែ​ឧសភា ២០២៥
*លីគ​កំពូល​ឥណ្ឌូណេស៊ី 2023–24 Liga 1៖ ជើង​ឯក​ក្លិប Borneo Samarinda
*លីគ​កំពូល​ម៉ាឡេស៊ី 2024–25 Malaysia Super League៖ ១០ ឧសភា ២០២៤-មិន​ច្បាស់​ថ្ងៃ​បញ្ចប់
*លីគ​កំពូល​កម្ពុជា 2023-24 Cambodian Premier League៖ ជើងឯកក្លិបព្រះខ័នរាជស្វាយរៀង
*លីគ​កំពូល​ទីម័រខាងកើត 2024 Liga Futebol Amadora Timor Leste៖ មិន​ទាន់​ដំណើរការ
*លីគ​កំពូល​អូស្រ្តាលី 2023–24 A-League Men៖ ជើងឯកក្លិប Central Coast Mariners

Share.