គិត​ត្រឹម​ពេល​នេះ​​មាន​ប្រទេស​​សមាជិក​តំបន់​អាស៊ាន​ចំនួន​២​ហើយ​​ក្នុង​នោះ​មាន​វៀតណាម និង​ទីម័រខាងកើត បាន​តែងតាំង​គ្រូ​បង្វឹក​សម្រាប់​ក្រុម​បាល់ទាត់​បុរស​ឈុត​ធំ​របស់​ខ្លួន​នៅ​អំឡុង​ខែ​ឧសភា នេះ ​ដើម្បី​ត្រៀម​បេសកកម្ម​ក្នុង​ឆ្នាំ​២០២៤ ទាំង​ពានរង្វាន់​តំបន់​អាស៊ាន​និង​ទ្វីប​អាស៊ី ជាដើម។

សម្រាប់​វៀតណាម វិញ​​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២៤ បាន​ប្រកាស​​តែងតាំង​លោក Kim Sang-sikជនជាតិ​កូរ៉េខាងត្បូង ជា​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​បុរស​របស់​ខ្លួន។ បើ​តាម​សារព័ត៌មាន vietnamnet បាន​បញ្ជាក់​ថា​បុរស​៤៨​ឆ្នាំ​រូប​នេះ​ បាន​ចុះ​កុងត្រា​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​វៀតណាម និង​ឈុត U23 ចាប់​ពី​ថ្ងៃ​ទី​៦ ឧសភា ២០២៤ ដល់​ ខែ​មីនា ២០២៦ ខាងមុខ។

ចំពោះ​មុខ​លោក Kim Sang-sik ត្រៀម​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​វៀតណាម ក្នុង​ការប្រកួត​​ជម្រុះ​ជើង​ឯក​ពានរង្វាន់​ទ្វីប​អាស៊ី 2026 AFC U23 Asian Cup, ស៊ីហ្គេម​២០២៥ នៅ​ប្រទេស​ថៃ និង​ពានរង្វាន់ AFF Championship 2024 ចុង​ឆ្នាំ​នេះ​ជាដើម។

លោក Kim Sang-sik ធ្លាប់​លេង​ជា​ខ្សែ​បម្រើ​កណ្តាល នៅ​ក្លិប​ល្បីៗ​​មួយ​ចំនួន​ក្នុង​ស្រុក ព្រម​ទាំង​ធ្លាប់​ជាប់​ជម្រើស​ជាតិ​៥៩លើក ចន្លោះ​ឆ្នាំ​២០០០-២០១២។ កាល​នៅ​ជា​កីឡាករ​លោក​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup ចំនួន២លើក​គឺ​នៅ​ឆ្នាំ​២០០០ និង​២០០៧ ខណៈ​លោក​ធ្លាប់​ជួយ​ក្លិប Jeonbuk Hyundai Motors ឈ្នះ​ជើង​ឯក​រង​ពានរង្វាន់​ទ្វីប​អាស៊ី AFC Champions League នៅ​ឆ្នាំ​២០១១ ផង​ដែរ។

ក្រោយ​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០២០ លោក​ Kim Sang-sik បាន​តែងតាំង​ឱ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​យក្ស Jeonbuk Hyundai Motors មុន​បន្ត​មក​កាន់​តំណែង​ជា​គ្រូ​ធំ​របស់​វៀតណាម។

ដោយ​ឡែក​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត វិញ​បាន​តែងតាំង​លោក Simón Elissetche ជនជាតិ​ឈីលី ជា​​គ្រូ​បង្វឹក​ក្រុម​របស់​ខ្លួន​ជា​លើក​ទី២ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ RTTL។ បុរស​វ័យ​៤៦ឆ្នាំ​រូប​នេះ​ធ្លាប់​ដឹកនាំ​ក្រុម​ទីម័រខាងកើត ម្តង​រួចហើយ​ចន្លោះ​ខែ​តុលា-វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។

លោក Simón Elissetche បាន​ធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ាន តាំង​ពី​ឆ្នាំ​២០១២ មក​ម៉្លេះ ដោយ​ចុះ​កុងត្រា​ដឹកនាំ​ក្លិប PSSB Bireuen សមាជិក​លីគ​ទី២​ឥណ្ឌូណេស៊ី មុន​បន្ត​ដឹកនាំ​ក្រុម Persita Tangerang និង​ Persikutim East Kutai​ ជាដើម។ រហូត​ដល់​ឆ្នាំ​២០១៧ លោក​ដឹកនាំ​ក្រុម​ Karketu Dili សមាជិក​លីគ​ទី២​ទីម័រខាងកើត ហើយ​នៅ​ចុង​ឆ្នាំ​ជាមួយ​គ្នា​នោះ​ដែរ​លោក​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត តែ​ម្តង។ នៅ​ឆ្នាំ​២០២០ លោក​បាន​ចូល​ដឹកនាំ​ក្រុម Lalenok United នឹង​ឈ្នះ​ជើង​ឯក​ពានរង្វាន់ 2020 FFTL Copa champion ថែម​ទៀត​ផង។

លោក Simón Elissetche

ដូច្នេះ​បញ្ជី​ឈ្មោះ​គ្រូ​បង្វឹក​សមាជិក​តំបន់​អាស៊ាន ទាំង​១២​ក្រុម​មាន៖
*ប្រ៊ុយណេ៖ Mario Rivera (អេស្ប៉ាញ)
*កម្ពុជា៖ Félix Dalmás (អាហ្សង់ទីន)
*ឥណ្ឌូណេស៊ី៖ Shin Tae-yong(កូរ៉េខាងត្បូង)
*ឡាវ៖ ទំនេរ
*ម៉ាឡេស៊ី៖ Kim Pan-gon (កូរ៉េខាងត្បូង)
*មីយ៉ាន់ម៉ា៖ Michael Feichtenbeiner (អាល្លឺម៉ង់)
*ទីម័រខាងកើត៖ Simon Elissetche (ឈីលី)
*ថៃ៖ Masatada Ishii (ជប៉ុន)
*សិង្ហបុរី៖ Tsutomu Ogura (ជប៉ុន)
*ហ្វីលីពីន៖ Tom Saintfiet (បែលហ្សិក)
*វៀតណាម៖ Kim Sang-sik (កូរ៉េខាងត្បូង)
*អូស្ត្រាលី៖ Graham Arnold (អូស្ត្រាលី)

Share.