បានលុង​៖ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួនជនល្មើស២នាក់ ក្រោយបានធ្វើសកម្មភាពកាប់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ កាលពីវេលាម៉ោង ២២៖៣០នាទីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ចំណុចកន្លែងហាត់ប្រាណមាត់បឹងកន្សែង ក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង បន្ទាប់ពីរត់គេចខ្លួនបានរយៈពេល៦ថ្ងៃ។

ជនរងគ្រោះទាំងទាំងពីរនាក់ទី១ឈ្មោះ ប្រ៉ាង ផាលីន ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី(ស្លាប់) និងឈ្មោះ សាវុធ ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឃុំខាងលើ (របួសធ្ងន់)។

ក្រោយទទួលបានព័ត៌មានភ្លាម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេភូមិន្ទ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តរតនគិរី  ដឹកនាំបញ្ជាផ្ទាល់រហូតតាមចាប់ជនល្មើសទាំង២នាក់តែម្តង។

តាមរបាយការណ៍របស់អាវុធហត្ថខេត្តរតនគិរី បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺកម្លាំងជំនាញបានពន្លាតដែនសមត្ថកិច្ចពីកន្លែងកើតហេតុ ដល់រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង ទើបចាប់ខ្លួនជនសង្ស័យចំនួន២នាក់ និងម៉ូតូ២គ្រឿង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖២២នាទី ស្ថិតនៅលើផ្លូវជាតិលេខ៨ ក្នុងភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ជនសង្ស័យទាំងពីរនាក់ទី១៖ ឈ្មោះ រិត សុខ អាយុ១៩ឆ្នាំ ទីលំនៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ជាជនដៃដល់។ ទី២៖ ឈ្មោះ វ៉ាក់ សុខលី អាយុ១៩ឆ្នាំ (ជាអ្នកដឹកជនដៃដល់)។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ រិត សុខ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត បាននាំជនសង្ស័យទៅយកវត្ថុតាងកាំបិតផ្គាក់ដែលលាក់ទុក នៅចំណុចដីក្រុមហ៊ុនប៉ាស៊ីហ្វិក ក្នុងភូមិឡយ៉ ឃុំឡយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ ៖ ចតុមុខ

Share.