ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទចំនួន២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត៣គីឡូក្រាម តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣៖០៥នាទី ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) ដឹកនាំដោយលោក វរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក យេង ប៊ុនណា នាយការិយាល័យ សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ មានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច តាមបណ្តោយផ្លូវលេខ ១០៨០ ភូមិស្រែអំបិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ចំពោះលទ្ធផលកម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ២នាក់៖ ១.ឈ្មោះ ច័ន្ទ វីរ: (ឡុង ឆេកូ) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និង ២.ឈ្មោះ សោម វិវឌ្ឍន៍ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។
ចំណែកវត្ថុតាងចាប់យករួមមាន៖ ១.គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២៩៨៨ក្រាម (ជិត៣គីឡូក្រាម)៕

អត្ថបទ៖ ចតុមុខ

Share.