ក្រោយ​ឆ្លងកាត់​២​ប្រកួត​ជាប់ៗគ្នា ក្រុម​បាល់ទះ​នារី​ចំនួន​៣ប្រទេស មាន​ជប៉ុន ចិន និងប្រេស៊ីល សុទ្ធ​តែ​​រក​បាន​ជ័យជម្នះ​ជាប់ៗគ្នា ​ក្នុង​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2024 FIVB Volleyball Women’s Nations League ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ នៅ​​ទីក្រុងបាងកក ប្រទេស​ថៃ។

ជ័យជម្នះ​៣ប្រកួត​របស់​ជប៉ុន បាន​យក​ឈ្នះតួកគី​ ៣សិតទល់២ ហើយ​បន្ត​ឈ្នះ​ប៊ុលហ្គារី​ ៣សិត​ទល់០ ​ខណ:ការប្រកួតបន្ទាប់ជប៉ុន ត្រូវជួបអាល្លឺម៉ង់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២:០០រសៀល។

ចំណែក​ក្រុម​ចិន វិញ​​ប្រកួត​ដំបូង​ឈ្នះ​កូរ៉េខាងត្បូង ៣សិត​ទល់០ បន្ត​ឈ្នះ​អាមេរិក ម្ចាស់ជើងឯក៣ជំនាន់ ៣សិត​ទល់១ ខណ:ការប្រកួតបន្ទាប់ចិន ត្រូវជួបកាណាដា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៥:៣០ល្ងាច។

រី​ឯ​ក្រុម​ប្រេស៊ីល វិញ​ប្រកួត​បើក​ឆាក​ឈ្នះ​កាណាដា ៣សិត​ទល់១សិត បន្ត​ឈ្នះ​​កូរ៉េខាងត្បូង ៣​សិត​ទល់០ ហើយការប្រកួតបន្ទាប់ប្រេស៊ីល ត្រូវជួបអាមេរិក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០យប់។

ក្រុម​ទាំង​១៦ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ 2024 FIVB Volleyball Women’s Nations League មានដូចជា៖ ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, ចិន, សាធារណរដ្ឋ​ដូ​មីនី​កែន, បារាំង, អាល្លឺម៉ង, អ៊ីតាលី, ជប៉ុន, ហូឡង់, ប៉ូឡូញ, ស៊ែប៊ី, កូរ៉េខាងត្បូង, តួកគី, សហរដ្ឋអាមេរិក និងថៃ ដោយបានចាប់​ផ្ដើម​ដំណើរ​ការ​តាំងពីថ្ងៃទី១៤ ឧសភា ដល់ថ្ងៃទី២៣ មិថុនា ២០២៤។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨មក ​ខណៈ​ឆ្នាំ​ដំបូង និងឆ្នាំទី២ ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ហើយ​ក្រុម​ជម្រើស​ជាតិអាមេរិក ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអាមេរិកដដែល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិតួកគី៕

Share.