ក្លិប​បាល់ទះ​វិសាខា របស់​ប្រទេស​កម្ពុជា ទទួល​បាន​ការ​អញ្ជើញ​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ Win+ Streak Volleyball Invitational Tournament ជា​លើក​ទី២ ដោយ​ឆ្នាំ​២០២៤ នេះ​ធ្វើ​ឡើង​នៅ​កោះតៃវ៉ាន់ របស់​ប្រទេស​ចិន ខណៈ​ឆ្នាំ​២០២៣ កន្លង​ទៅ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី។

ក្រុមបាល់ទះវិសាខា ឈ្នះពានរង្វាន់​ក្នុង​ស្រុក​កន្លង​ទៅ​នេះ

បើ​តាម​ប្រភព​ពី​ថ្នាក់​ដឹកនាំ​ក្លិប​បាល់ទះ​វិសាខា បាន​ប្រាប់​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង ថា​ក្រុម​ទាំង​មូល ចេញ​ដំណើរ​ពី​កម្ពុជា ទៅ​តៃវ៉ាន់ នៅ​ថ្ងៃ​ចន្ទ ទី២៧ ខែ​ឧសភា ឆ្នាំ​២០២៤ ពោល​គឺ​មុន​ការប្រកួត​២​ថ្ងៃ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ដល់​ ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០២៤។

ពានរង្វាន់ Win+ Streak Volleyball Invitational Tournament ឆ្នាំ​២០២៤ នេះ​មាន​ក្រុម​ចូលរួម​​ដូចជា៖ វិសាខា របស់កម្ពុជា, Flying Falcon (ម៉ាឡេស៊ី), Nature Med Club Tolun (ម៉ុងហ្គោលី), Win Streak (តៃវ៉ាន់), Long My Construction (តៃវ៉ាន់), Saitama Azalea (ជប៉ុន), Australian Volleyball Academy (អូស្រ្តាលី) និងHo Chí Minh Club (វៀតណាម)។

កម្មវិធី​ប្រកួត​របស់​ក្រុម​វិសាខា នៅ​ក្នុង​ពានរង្វាន់​នេះ​មាន​ដូចជា៖
* ២៩ ឧសភា ២០២៤ ម៉ោង​២រសៀល Australian Volleyball Academy ប៉ះ​វិសាខា
* ៣០ ឧសភា ២០២៤ ម៉ោង​៧​យប់ Win Streak ប៉ះ​វិសាខា
* ៣១ ឧសភា ២០២៤ ម៉ោង​៣​រសៀល Saitama Azalea ប៉ះ​វិសាខា

បញ្ជាក់៖ម៉ោងនៅតៃវ៉ាន់

សូម​បញ្ជាក់​ថា​ពានរង្វាន់​បាល់ទះ Win+ Streak Volleyball Invitational Tournament ឆ្នាំ​២០២៣ កន្លង​ទៅ​ជើង​ឯក​បាន​ទៅ​ក្រុមWin Streak របស់​តៃវ៉ាន់ ដែល​បច្ចុប្បន្ន​កីឡាករ​ វឿន វាសនា របស់​កម្ពុជា កំពុង​ប្រកប​អាជីព​នៅ​ទីនោះ៕

Share.