សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃសុក្រ (១៧ ឧសភា) បានបដិសេធការចោទប្រកាន់ដែលថា ទីក្រុងព្យុងយ៉ាងកំពុងដឹកជញ្ជូនអាវុធទៅកាន់ប្រទេសរុស្ស៊ី ដោយហៅការអះអាងនេះថា ជា «រឿងមិនសមហេតុផល»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចោទប្រកាន់កូរ៉េខាងជើង ម្តងហើយម្តងទៀតថា បានផ្គត់ផ្គង់អាវុធដល់ទីក្រុងមូស្គូ ទោះបីជាមានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើប្រទេសទាំង២ ប្រឆាំងកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាងក៏ដោយ។

អ្នកវិភាគក៏បានព្រមានផងដែរថា ការបង្កើនការសាកល្បង និងការផលិតកាំភ្លើងធំ និងកាំជ្រួចមីស៊ីលដោយកូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ អាចជាការរៀបចំសម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅប្រទេសអ៊ុយក្រែន។

ប៉ុន្តែអ្នកនាង Kim Yo Jong បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េកូរ៉េខាងជើង នាថ្ងៃសុក្រ នេះថា «ទីក្រុងព្យុងយ៉ាង គ្មានបំណងនាំចេញបច្ចេកវិទ្យាយោធារបស់ខ្លួនទៅកាន់ប្រទេសណាមួយឡើយ» ។ អ្នកនាង «បានចោទប្រកាន់ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បន្ថែមទៀតថា «កំពុងព្យាយាមបំភាន់មតិសាធារណៈ ដោយសារពាក្យចចាមអារ៉ាមគ្មានការពិត ដែលថាប្រព័ន្ធសព្វាវុធដែលផលិតដោយរបស់ពួកយើង គឺសម្រាប់នាំចេញទៅប្រទេសរុស្ស៊ី»។

ទន្ទឹមនោះ អ្នកនាងក៏បាននិយាយថា «អ្វីដែលជារឿងបន្ទាន់បំផុតសម្រាប់ពួកយើងនោះ គឺ មិនមែនជាការផ្សាយពាណិជ្ជកម្ម ឬ នាំចេញអ្វីមួយនោះទេ ប៉ុន្តែគឺជាការត្រៀមលក្ខណៈសម្រាប់សង្រ្គាម និងការទប់ស្កាត់សង្គ្រាមនៃកងទ័ពរបស់យើង ឱ្យកាន់តែល្អឥតខ្ចោះទាំងគុណភាព និងបរិមាណ»។

ថ្មីៗនេះ កូរ៉េខាងជើង បានពង្រឹងទំនាក់ទំនងយោធាជាមួយទីក្រុងមូស្គូ និងថ្លែងអំណរគុណ រុស្ស៊ីសម្រាប់ការប្រើប្រាស់សិទ្ធិវេតូក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិរបស់ខ្លួន ដើម្បីរារាំងការបន្ដនៃក្រុមអ្នកជំនាញដែលតាមដានការដាក់ទណ្ឌកម្មអន្តរជាតិលើរបបរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។

សូមជម្រាបថា កូរ៉េខាងត្បូង បានអះអាងកាលពីខែមីនាកន្លងទៅថាកូរ៉េខាងជើងបានដឹកជញ្ជូនអាវុធប្រហែល ៧,០០០កុងតឺន័រ ទៅឱ្យរុស្ស៉ី យកទៅប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន នៅក្នុងការផ្ទេរអាវុធមួយដែលទីក្រុងសេអ៊ូល ជឿថា បានចាប់ផ្ដើមឡើងកាលពីខែកក្កដា ឆ្នាំមុនមកម្ល៉េះ។ ដោយឡែក សហរដ្ឋអាមេរិក និងក្រុមអ្នកវិភាគលោកខាងលិចវិញ ជឿថា តាមរយៈការផ្គត់ផ្គង់អាវុធនេះ កូរ៉េខាងជើងចង់បានជំនួយពីរុស្ស៉ីមកវិញលើវិស័យមួយចំនួនដូចជា បច្ចេកវិទ្យាផ្កាយរណប និងការធ្វើបច្ចុប្បន្នភាពបរិក្ខារយោធាសល់ពីសម័យសូវៀត៕

ប្រភព៖ CNA

Share.