ក្រុមបាល់ទះជម្រើសជាតិនារីរបស់ជប៉ុន និងចិន មានឈ្មោះតំណាងឱ្យទ្វីបអាស៊ី មានឈ្មោះទៅលេងក្នុងពានរង្វាន់ជើងឯកពិភពលោក 2022 FIVB Volleyball Women’s World Championship ដែលប្រទេសហុល្លង់ និងប៉ូឡូញ ធ្វើជាសហម្ចាស់ផ្ទះ។
អត្ថបទពាក់ព័ន្ធ៖ម្ចាស់ជើងឯក១៣សម័យកាល ចិន ជាក្រុមទី៦ ដកខ្លួនពីប្រកួតបាល់ទះនារីជើងឯកប្រចាំទ្វីប
សហព័ន្ធកីឡាបាល់ទះប្រចាំទ្វីបអាស៊ី បានសម្រេច២ប្រទេសនេះមានឈ្មោះចូលរួមដោយរាប់លើចំណាត់ថ្នាក់ដែលកំណត់ដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) ព្រោះព្រឹត្តការណ៍កីឡាបាល់ទះនារីជើងឯកទ្វីបអាស៊ី 21st Asian Sr. Women’s Volleyball Championship គ្រោងរៀបចំនៅប្រទេសហ្វីលីពីន ត្រូវបានលើកពេលទៅធ្វើនៅឆ្នាំ២០២២ ខាងមុខឯណោះ ក្នុងអំឡុងខែឧសភា។ ដូច្នេះមិនអាចកំណត់ក្រុមតំណាងទ្វីប បាននោះទេ។
ចំពោះពានរង្វាន់ជើងឯកពិភពលោក 2022 FIVB Volleyball Women’s World Championship នឹងជ្រើសរើសយកក្រុមខ្លាំងជាងគេចំនួន២៤ក្រុមតំណាងឱ្យទ្វីបនីមួយៗ ចូលរួមប្រកួត ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។
ពានរង្វាន់នេះរៀបចំរាល់៤ឆ្នាំម្តង គិតចាប់តាំងពីឆ្នាំ១៩៥២ មកម៉្លេះ ហើយក្រុមរុស្ស៊ី ឈ្នះជើងឯកបានច្រើនជាងគេរហូតដល់៦លើក ហើយជប៉ុន ឈ្នះបាន៥លើក។ ចំណែកក្រុមស៊ែប ជាម្ចាស់ជើងឯកឆ្នាំចាស់ ក្រោយយកឈ្នះអ៊ីតាលី ៣សិតទល់២សិត៕