សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ប្រកួត​​បាល់ទះ​មិត្តភាព​ចំនួន​២​គូ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤ លើ​ទីលាន​វិមាន​ពហុ​កីឡដ្ឋានជាតិ ក្នុង​រាជធានី​ភ្នំពេញ ព្រម​ទាំង​បើក​ឱ្យ​មហាជន​ចូល​ទស្សនា​ដោយ​សេរី។

សម្រាប់​កម្មវិធី​ប្រកួត​មាន៖
គូ​ទី១៖ ម៉ោង​៣រសៀល ក្រុម​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ​កម្ពុជា ប៉ះ ក្រុម​ស្នងការនគរបាល​រាជធានី​ភ្នំពេញ
គូទី២៖ ម៉ោង​៥ល្ងាច​ ក្រុម​បាល់ទះ​វិសាខា ប៉ះ​ក្រុម Lavie Long An របស់​វៀតណាម

សូម​បញ្ជាក់​ថា​ការ​ប្រកួត​មិត្តភាព​ទាំង​២​ខាង​លើ​នេះ មាន​ផ្សាយផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង Youtube របស់​សារព័ត៌មាន​ត្រយង ព្រម​ទាំង​ផ្សាយបន្ត​ទៅ​កាន់​ដៃគូ​សហការ​នានា​របស់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ទៀត​ផង។

សម្រាប់​ក្រុម​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ​របស់​កម្ពុជា កំពុង​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី Asian Men’s U20 Volleyball Championship ទល់​នឹង​ក្រុម​វៀតណាម នៅ​ប្រទេស​ថៃ ដែល​មាន​ការ​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ជនជាតិ​ចិន Li Jun។

ចំណែក​ក្រុម​បាល់ទះ​វិសាខា វិញ​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់ Win+ Steak Volleyball Invitational ហៅ​កាត់ (WSVI) Tournament នៅ​កោះតៃវ៉ាន់ ដែលក្លិបបាល់ទះ Win Streak ធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ៕

Share.