ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ បានរៀបចំពិធីបិទបញ្ចប់ជាផ្លូវការ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្រោមវត្តមាន ឯកឧត្ដម វ៉ាត់ ចំរើន  រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសាលពហុកីឡដ្ឋានជាតិ ។

ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញ នៅលើទីលានប្រកួតទាំង១៣ ប្រភេទកីឡា រយៈពេល ៩ថ្ងៃកន្លងមកនេះ ឃើញថា ក្រុមកីឡានីមួយៗបានយកអស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាពបច្ចេកទេស និងទេពកោសល្យរបស់ខ្លួន ដែលបានចូលរួមប្រកួតប្រកបដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា។ កាយវិការដែលប្អូនៗកីឡាករ  កីឡាការិនី បានអនុវត្តក្នុងការប្រកួតលើកនេះ គឺពិតជាឈរលើស្មារតីគោរពវិន័យ បទបញ្ជាបច្ចេកទេស ចេះស្រឡាញ់យោគយល់ អធ្យាស្រ័យគ្នា យល់ច្បាស់នូវមនសិការកីឡា និងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងសាមគ្គីភាព ដែលជាគំរូមួយដ៏ល្អសម្រាប់ប្រទេសជាតិយើងទាំងមូល ស្របទៅនឹងប្រធានបទ “កីឡាឌីជីថល ជាអនាគតយុវជន”

សរុបមេដាយដែលក្រុមកីឡាករឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ដែលបានចូលរួមប្រកួតឃើញថាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ឈ្នះមេដាយច្រើនជាងគេ សរុបចំនួន៦១គ្រឿង ក្នុងនោះមានមេដាយមាស ចំនួន២៨គ្រឿង មេដាយប្រាក់ចំនួន១៥គ្រឿង និងមេដាយសំរឹទ្ធិចំនួន១៥គ្រឿង ក្នុងចំណោមមេដាយសរុបវចំនួន៣៣១គ្រឿង។

ខាងក្រោមនេះជាចំនួនមេដាយដែលក្រុមកីឡាករ និងកីឡាការនីដណ្តើមបានក្នុងការប្រកួតកីឡារឧត្តមសិក្សា ឆ្នាំ២០២៤៖

គួរឱ្យដឹងថា ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម ​ឆ្នាំ២០២៤ មានប្រតិភូកីឡាចូលរួមសរុប ១,៧៦៤ នាក់ ស្រី ៣៩១ នាក់ ដែលអញ្ជើញមកពី ៤៧ គ្រឹះស្ថានឧត្តមសិក្សា ប្រកួតលើ១៣ប្រភេទកីឡា ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន ១៣ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ៣៤ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕

Share.