សហព័ន្ធបាល់ទាត់អាស៊ី ដែលហៅកាត់ថា AFC បាន​បញ្ចេញ​តារាង​ចំណាត់​ថ្នាក់​​ក្លិប​តំណាង​ឱ្យ​ប្រទេស​ជា​សមាជិក​ខ្លួន​ចូលរួម​ប្រកួត​ប្រជែង ហៅ​ថា AFC Club Competition Ranking ទាំង​ឆ្នាំ​២០២៤-២៥ និង​ឆ្នាំ​២០២៥-២៦ ស្រប​ពេល​ដែល​ក្លិប​ទៅ​ពី​កម្ពុជា ត្រូវ​ធ្លាក់​ទៅ​លេង​ពានរង្វាន់​កម្រិត​ទី៣ ម្តង​ទៀត​ក្រោយ​ខក​ខាន​អស់​រយៈពេល​៧ឆ្នាំ។

ពានរង្វាន់​កម្រិត​ទី៣​ប្រចាំ​ទ្វីប​អាស៊ី លើក​មុន​ឈ្មោះ​ថា AFC President’s Cup បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៤ ហើយ​ផ្អាក​នៅ​ឆ្នាំ​២០១៤ ហើយ​កម្ពុជា មាន​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​គ្រប់​ឆ្នាំ ដោយ​នៅ​ឆ្នាំ​២០០៦ ក្លិប​ខេមរា​កីឡា ធ្លាប់​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ១លើក ហើយ​​នៅ​ឆ្នាំ​២០១១ ក្លិប​ភ្នំពេញក្រោន ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​១លើក។

ក្រោយ​ពេល​រំសាយ​ពានរង្វាន់ AFC President’s Cup សហព័ន្ធ​បាល់ទាត់​អាស៊ី បាន​សម្រេច​ឱ្យ​ក្លិប​តាម​បណ្តា​ប្រទេស​ជា​សមាជិក​ចូលរួម​ប្រកួត​ពានរង្វាន់​កម្រិត​ទី២ គឺ AFC Cup ទាំង​អស់​គិត​ពី​ឆ្នាំ​២០១៧ មក​ ដោយ​ប្រទេស​ខ្លះ​មាន​ឈ្មោះ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​កម្រិត​ដែល​បាន​កំណត់ ហើយ​ប្រទេស​ខ្លះ​មាន​ក្រុម​ចាំ​នៅ​វគ្គ​ចែក​ពូល។ ប៉ុន្តែ​ចាប់​ពី​រដូវកាល​២០២៣-២៤ តទៅ​សហព័ន្ធ​បាល់ទាត់​អាស៊ី បាន​សម្រេច​បង្កើត​ពានរង្វាន់​កម្រិត​ទី​៣​ប្រចាំ​ទ្វីប​​ឡើង​វិញ ដោយ​ប្រើ​ឈ្មោះ​ថា AFC Challenge League ក្នុង​នោះ​ការ​វាយ​តម្លៃ​របស់​សហព័ន្ធ​បាល់ទាត់​អាស៊ី តម្រូវ​ឱ្យ​កម្ពុជា ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ​២​រដូវកាល​ជាប់ៗគ្នា ដល់​រដូវកាល​២០២៥-២៦ ខាង​មុខ។

ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 ក្លិប​ព្រះខ័នរាជស្វាយរៀង​នឹង​តំណាង​ឱ្យ​កម្ពុជា ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Challenge League រដូវកាល​២០២៤-២៥ ខណៈ​ការ​ប្រកួត​គ្រោង​ដំណើរការ​ពី​​ចុង​ខែ​កក្កដា ២០២៤ ដល់​ខែ​មេសា ២០២៥ ខាង​មុខ។ ​

ដូច្នេះ​សម្រាប់​ព្រះខ័នរាជស្វាយរៀង មាន​ពានរង្វាន់​ចំនួន​៦ នៅ​ក្នុង​ដៃ ដែល​ត្រៀម​ប្រកួត​ប្រជែង​នៅ​រដូវកាល​ក្រោយ ក្នុង​នោះ​មាន​ពានរង្វាន់​បើក​រដូវកាល Cambodian Super Cup, Cambodian League Cup, Cambodian Premier League, ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន បូក​រួម​ទាំង​ពានរង្វាន់​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ាន Asean Club Championship និង​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី  AFC Challenge League។

ចំណែក​ក្លិប​ក្នុង​ប្រទេស​តំបន់​អាស៊ាន ដែល​មាន​កូតា​ចូល​ប្រកួត​ពានរង្វាន់  AFC Challenge League រដូវកាល​២០២៤-២៥ មាន​១​ក្រុម​ដូចៗ គ្នា​ក្នុង​នោះ​​ក្លិប​តំណាង​ប្រទេស​ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ, ប្រ៊ុយណេ និង​ទីម័រខាងកើត។ ចំណែក​រដូវកាល​ឆ្នាំ​២០២៥-២៦ ខាង​មុខ​ប្រទេស​ទាំង​៦​ដដែល​ទៀត។

ដូច​នេះ​រងចាំតាមដានទាំងអស់គ្នាថា ក្រុមព្រះខ័នរាជស្វាយរៀង ដែលតំណាងឱ្យកម្ពុជា នឹង​បន្ត​ធ្វើ​បាន​ល្អ​កម្រិត​ណា​នៅ​រដូវកាល​ថ្មី​ខាង​មុខ?

Share.