សេអ៊ូល៖ កូរ៉េខាងត្បូងបាន ក្រើនរំឭកប្រជាជនដែលរស់នៅក្បែរព្រំដែនជាមួយកូរ៉េខាងជើង ឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កូរ៉េខាងជើងបានបញ្ជូនប៉េងប៉ោងដែលមានផ្ទុកនូវវត្ថុផ្សេងៗគ្នា ដែលនៅក្នុងនោះដូចជា សំរាម និងលាមក ចូលមកក្នុងទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង បានបង្ហាញឱ្យឃើញ ថា មានប៉េងប៉ោងពណ៌ ស ហោះចូលមកក្នុងប្រទេសដោយប៉េងប៉ោងនោះ មានចងថង់ប្លាស្ទិកចងជាប់នឹងវា ដែលមើលទៅហាក់បីដូចជាសំរាម និងលាមក។

គិតត្រឹមថ្ងៃពុធនេះ ប៉េងប៉ោងជាង១៥០ ត្រូវបានគេរកឃើញ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដោយបានបន្ថែមដោយដកស្រង់ពីប្រភពយោធាកូរ៉េខាងត្បូង។

ប៉េងប៉ោង​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​រហូត​ដល់​ខេត្ត​ South Gyeongsang ភាគ​អាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង។

មន្ត្រីនៃអគ្គសេនាធិការរួម (JCS) បាននិយាយថា ប៉េងប៉ោងដែលធ្លាក់នោះទំនងជាបានដឹកសំរាមជាច្រើនមុខ រួមទាំងដបប្លាស្ទិក អាគុយ គ្រឿងបន្លាស់ស្បែកជើង និងរបស់ដែលគេជឿថា ជាលាមកសត្វ។

យោធាបាននិយាយថា យើងបាន​ដាស់តឿន​ប្រជាជន​កុំ​ឱ្យ​ទៅ​ជិត​វត្ថុទាំងនោះ ហើយ​សូមរាយការណ៍​ពីកន្លែងដែលប៉េងប៉ោងនោះហោះធ្លាក់ ដល់​យោធា ឬ​ប៉ូលិសក្នុងតំបន់។

បើតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក ​​យ៉ុនហាប់, មន្ត្រីនៃអគ្គសេនាធិការរួម (JCS) បាននិយាយថា «ទង្វើទាំងនេះរបស់កូរ៉េខាងជើង ច្បាស់ជាបំពានច្បាប់អន្តរជាតិ និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពប្រជាជនរបស់យើង»។ «យើងព្រមានកូរ៉េខាងជើង យ៉ាងម៉ឺងម៉ាត់ ឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើអមនុស្សធម៌ និងទង្វើជេរប្រមាថទាំងនេះ ជាបន្ទាន់»។

ការបង្ហោះប៉េងប៉ោងកខ្វក់នេះ បានកើតឡើង សុន្ទរកថា​របស់​​អនុ​រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​ក្រុង​សេអ៊ូល ដែល​រៀបរាប់​ថា នឹង​មាន​ការ​ធ្វើ​សមយុទ្ធ​​​ការពារ​ជាតិ​​ខ្នាត​ធំ​មួយ នៅ​ថ្ងៃ​ចន្ទ ​ដើម​សប្ដាហ៍​នេះ និងធ្វើឡើងបន្ទាប់ពី​ការ​ព្រមាន​​របស់លោក Kim Kang-il អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង ថា កូរ៉េ​ខាង​ជើង​អាច​នឹង​បញ្ជូន​​របស់​កខ្វក់​ ឬ​សំរាម​ចូល​តំបន់​ព្រំដែន ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​សកម្មជន​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន នឹងជាការសងសឹកជាការឆ្លើយតបទៅនឹងខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដែលបានហោះហើរឆ្លងកាត់ព្រំដែន។

ជាច្រើនឆ្នាំមកនេះ សកម្មជនកូរ៉េខាងត្បូង និងជនចំណាកស្រុកកូរ៉េខាងជើង បាននាំគ្នាបង្ហោះប៉េងប៉ោងចូលទៅកាន់កូរ៉េខាងជើង ដោយកាន់ខិត្តប័ណ្ណរិះគន់របបដឹកនាំរបស់លោក គីម ជុងអ៊ុន និងជំរុញឱ្យប្រជាជនកូរ៉េខាងជើងក្រោកឡើងប្រឆាំងនឹងរបប គីម ដែលបានគ្រប់គ្រងប្រទេសអស់ជាច្រើនទសវត្សរ៍។ ពួកគេក៏បានផ្ញើបន្ទះ USB ផ្ទុកនូវវីដេអូចម្រៀង K-pop ដែលជាចម្រៀងត្រូវបានហាមឃាត់នៅភាគខាងជើងនៃប្រទេសផងដែរ។

សូមជម្រាបថា ការប្រើប្រាស់ប៉េងប៉ោងដើម្បីជាការឃោសនា គឺជាប្រភពនៃភាពតានតឹងយូរមកហើយរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង បើទោះជាមានកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមកូរ៉េចាប់តាំងឆ្នាំ១៩៥០-១៩៥៣ ក៏ដោយ ដោយពួកគេបានបញ្ចប់ក្នុងកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែមិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ៕

ប្រភព៖ The Guardian

Share.