ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន ឃាត់ខ្លួនក្មេងទំនើង៥នាក់ ករណី រួមគ្នារំលោភក្មេងស្រីអាយុ១២ឆ្នាំ នៅខណ្ឌបឹងកេងកង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលលេខ៣១ ផ្លូវលេខ១៣ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានសហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវរកចាប់ខ្លួន​ក្រុមជនសង្ស័យ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ទើបកំណត់មុខសញ្ញាបានឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីរំលោភក្មេងស្រីអាយុ១២ឆ្នាំ នៅក្នុងសង្កាត់បឹងកេងកងទី៣ កាលពី៤ថ្ងៃមុនតែម្តង ។

ជនសង្ស័យទាំង៥នាក់ ទី១ឈ្មោះ ឈួន គីមឡេង អាយុ២១ឆ្នាំ។ ទី២៖ឈ្មោះ ខន បុរី អាយុ១៤ឆ្នាំ
។ ទី៣៖ឈ្មោះ ហ៊ន វីរះយុទ្ធ អាយុ១៦ឆ្នាំ។ ទី៤៖ឈ្មោះ ខន វីរះ អាយុ១៣ឆ្នាំ ឃាត់ខ្លួនត្រង់ចំណុច ឃុំព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ទី៥៖ឈ្មោះ លី គឹមលី អាយុ១៦ឆ្នាំ ឃាត់ខ្លួនបានត្រង់ចំណុច សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តករណីរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

អត្ថ​បទ៖ ចតុមុខ

Share.