បាល់ទះនារីវៀតណាម នឹង​តំណាង​ឱ្យ​ទ្វីប​អាស៊ី​ ទៅ​ប្រកួត​ពានរង្វាន់​កម្រិត​ពិភពលោក ពានរង្វាន់ 2024 FIVB Volleyball Women’s Challenger Cup ក្រោយឈ្នះលើក្រុមកាហ្សាក់ស្ថាន ដោយលទ្ធផល ៣សិតទល់នឹង០ នៃពានរង្វាន់កម្រិតទ្វីប Women’s AVC Challenge Cup 2024 កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

មុនឈ្នះមេដាយមាសនៃព្រឹតិ្តការណ៍ Women’s AVC Challenge Cup 2024 ក្រុមជម្រើសជាតិ​នារី​វៀតណាម គឺបានយកឈ្នះលើក្រុមជម្រើស​ជាតិនារីអូស្ត្រាលី ដោយលទ្ធផល ៣ទល់នឹង០ នៅវគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

ដូច្នេះ​ក្រុម​ជម្រើសជាតិនារីវៀតណាម ​នឹង​តំណាង​ឱ្យ​ទ្វីប​អាស៊ី​១កៅអី​ឡើង​ទៅ​ប្រកួត​ពានរង្វាន់​កម្រិត​ពិ​ភព​លោក 2024 FIVB Volleyball Women’s Challenger Cup ដែល​ធ្វើ​ឡើង​​នៅ​​ប្រទេសហ្វីលីពីន ដើម​ខែ​កក្កដា ខាង​មុខ ដែល​មាន​ក្រុម​ខ្លាំងៗ​ចំនួន​៧ ក្រុម​កំពុង​អង្គុយចាំ។

គួរឱ្យដឹងថា ពានរង្វាន់​បាល់ទះ​ផ្នែកនារី​ 2024 Asian Women’s Volleyball Challenge Cup ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះអាស៊ី (AVC) បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ពីថ្ងៃទី២២ ខែឧសភា និងបាន​បញ្ចប់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី២៩ ឧសភា ២០២៤ ដោយ​មាន​ក្រុម​ចូលរួមចំនួន១០ ធ្វើ​ឡើងនៅ​​ប្រទេសហ្វីលីពីន។

​១០ក្រុម ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ 2024 Asian Women’s Volleyball Challenge Cup គឺបានបែងចែកជា២ពូលមានដូចជា៖
ពូលA៖ ហ្វីលីពីន, ចិនតៃប៉ិ, ឥណ្ឌា, អ៊ីរ៉ង់ និង អូស្ត្រាលី
ពូលB៖ វៀតណាម, ឥណ្ឌូណេស៊ី, កាហ្សាក់ស្ថាន, សិង្ហបុរី និង ហុងកុង។

នេះជាពាន​រង្វាន់ឯកត្តជន នៃពានរង្វាន់បាល់ទះនារី Women’s AVC Challenge Cup 2024

  • កីឡាការនីល្អប្រចាំការប្រកួត បានលើ Nguyễn Thị Bích Tuyền របស់វៀតណាម
  • អ្នកបាល់ល្អ ជាងគេ បានលើកីឡាការនី Jia De Guzman របស់ហ្វីលីពីន
  • អ្នកវាយសេវាល្អជាងគេបានលើ កីឡាការនី Caitlin Tipping របស់អូស្ត្រាលី និង Sana Anarkulova របស់កាហ្សាក់ស្ថាន
  • អ្នកធ្វើរនាំងល្អជាងគេបានលើកីឡាការនី Lê Thanh Thúy របស់វៀតណាម និងYuliya Yakimova របស់កាហ្សាក់ស្ថាន
  • អ្នកវាយប្រយុទ្ធល្អជាងគេបានលើកីឡាការនី Angel Canino របស់ហ្វីលីន
  • កីឡាការនី សេរីល្អជាងគេ Best libero បានលើ Nguyễn Khánh Đang របស់វៀតណាម

សម្រាប់ពានរង្វាន់បាល់ទះ 2024 FIVB Volleyball Women’s Challenger Cup មាន៨ក្រុម មកពី៥ទ្វីបជុំវិញពិភពលោក ខណៈការប្រកួតគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៤ ខាងមុខ នៅប្រទេសហ្វីលីពីន៕

Share.