សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអាទិត្យ ថា ខ្លួននឹងបញ្ឈប់ការបញ្ជូនប៉េងប៉ោងដែលពោរពេញដោយសំរាមឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីភាគខាងត្បូង ដោយនិយាយថា យុទ្ធនាការរបស់ខ្លួន គឺជាវិធានការវាយបកដ៏មានប្រសិទ្ធភាពប្រឆាំងនឹងការឃោសនារបស់សកម្មជនប្រឆាំងរបបដឹកនាំដោយ លោក គីម ជុងអ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។

យោធាក្រុងសេអ៊ូលបាននិយាយថា ចាប់តាំងពីថ្ងៃអង្គារ សប្ដាហ៍មុនមក កូរ៉េខាងជើង បានបញ្ជូនប៉េងប៉ោងសំរាម ជិត១ពាន់ថង់ ដែលមានោផ្ទុកអ្វីៗ គ្រប់យ៉ាងចាប់ពីកន្ទុយបារី ក្រដាសកាតុង ថង់ប្លាស្ទិក រហូតដល់សំណល់ឧបករណ៍អេឡិចត្រូនិក និងលាមក។ ខណៈយោធារបស់ទីក្រុងសេអ៊ូល បានព្រមានឱ្យសាធារណជននៅឱ្យឆ្ងាយ និងរាយការណ៍ជូនមន្រ្តីក្នុងតំបន់ ករណីប្រទះឃើញប៉េងប៉ោងសំរាមខាងលើ។

លោក Kim Kang Il ជាអនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ យ៉ាងដូច្នេះថា «យើងបានធ្វើឱ្យសាធារណរដ្ឋកូរ៉េ ទទួលបទពិសោធន៍គ្រប់គ្រាន់ថា តើពួកគេមានអារម្មណ៍ខឹងសម្បារយ៉ាងណា និងថាតើពួកគេត្រូវប្រឹងប្រែងយ៉ាងណា ដើម្បីសម្អាតរប៉ាត់រប៉ាយទាំងនោះ»។ ប៉ុន្តែលោកបានព្រមានថា ប្រសិនបើសកម្មជននៅកូរ៉េខាងត្បូង បន្តបញ្ជូនខិតបណ្ណឃោសនាប្រឆាំងទីក្រុងព្យុងយ៉ាង តាមប៉េងប៉ោងហោះចូលក្នុងទឹកដីកូរ៉េខាងជើងទៀត នោះទីក្រុងព្យុងយ៉ាង នឹងបញ្ជូនសំរាមតាមប៉េងប៉ោងចូលទៅជាថ្មីច្រើនជាងមុនរាប់រយដង។

យ៉ាងណាម៉ិញ កាលពីថ្ងៃអាទិត្យ ទីក្រុង សេអ៊ូល បានព្រមានថា ខ្លួននឹងចាត់វិធានការតបតយ៉ាងខ្លាំងក្លា លុះត្រាតែកូរ៉េខាងជើង បានលុបចោលការទម្លាក់ប៉េងប៉ោងសំរាម ដោយនិយាយថា វាដំណើរការផ្ទុយនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានបញ្ចប់អរិភាពសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣៕

ប្រភព៖ CNA

Share.