ក្រុមបាល់ទាត់ជម្រើសជាតិស្រីលង្កា ក្រោមការដឹកនាំរបស់លោក Andy Morrison ជនជាតិស្កុតឡែន បានណាត់ក្រុមជម្រើសជាតិប្រ៊ុយណេ ប្រកួតមិត្តភាពអន្តរជាតិចំនួន២ជើង នៅថ្ងៃ FIFA Days មុនជួបកម្ពុជា ក្នុងវគ្គជម្រុះជើងឯកប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027។

កម្មវិធីប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិស្រីលង្កា៖

  • ៨ មិថុនា ប្រ៊ុយណេ ប៉ះ ស្រីលង្កា នៅកីឡដ្ឋាន Hassanal Bolkiah National
  • ១១ មិថុនា មិត្តភាព ស្រីលង្កា ប៉ះ ប្រ៊ុយណេ នៅកីឡដ្ឋាន Hassanal Bolkiah National។

ក្រៅពីនេះក្រុមបាល់ទាត់ជម្រើសជាតិស្រីលង្កា ក៏បានកោះហៅកីឡាករចូលសញ្ជាតិ Wade Dekker វ័យ៣០ឆ្នាំ កម្ពស់ ១.៨០ម៉ែត្រ ជនជាតិអូស្ត្រាលី ចូលសញ្ជាតិស្រីលង្កា ក្នុងបញ្ជីឈ្មោះសរុប ២៣នាក់ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងប្រ៊ុយណេ។

កម្មវិធីប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិកម្ពុជា៖

  • ៧ មិថុនា ២០២៤ ម៉ោង​៦ល្ងាច កម្ពុជា ប៉ះ ម៉ុងហ្គោលី នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ
  • ១១ មិថុនា ២០២៤ ម៉ោង​៦ល្ងាច ម៉ុងហ្គោលី ប៉ះ កម្ពុជា នៅ​កីឡដ្ឋាន MFF ទីក្រុង​អ៊ុលឡានបាតា។

សម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup Saudi Arabia 2027៖

  • ជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្រីលង្កា ប៉ះកម្ពុជា នៅកីឡដ្ឋាន Sugathadasa នៅស្រីលង្កា
  • ជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជា ប៉ះស្រីលង្កា នៅពហុកីឡដា្ឋនជាតិ រាជធានីភ្នំពេញ។

បច្ចុប្បន្ន FIFA Ranking របស់ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧៩ ស្របពេល​ក្រុម​ជម្រើស​ជាតិស្រីលង្កា FIFA Ranking ចំណាត់ថ្នាក់លេខ២០៤ ពិភពលោក។

ជា​មួយ​គ្នា​នេះក្រុម​ជម្រើស​ជាតិ​ម៉ុងហ្គោលី ប៉ះទីម័រ​ខាង​កើត ខណៈម៉ាកាវ ប៉ះប្រ៊ុយណេ។ ក្រុមចំនួន​៣​ដែល​ទទួល​បាន​ជ័យជម្នះ​នឹង​ឡើង​ទៅ​​ជម្រុះ​ជុំ​ទី​៣​ (វគ្គ​ជម្រុះ​ក្នុង​ពូល) ដែល​មាន​១៩​ប្រទេសដើម្បី​ប្រកួត​ប្រជែង​គ្នា​យក​៦​​ក្រុម​ឡើង​​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ 2027 AFC Asian Cup នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជា​ម្ចាស់​ផ្ទះ៕

Share.