ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី នៅពហុកីឡដ្ឋានជាតិ ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតមិត្តភាពអន្តរជាតិ វេលាម៉ោង ១៨:០០ នាទីល្ងាច ថ្ងៃ FIFA Days។
ចំណាប់អារម្មណ៍លោក ICHIRO OTSUKA គ្រូបង្វឹករបស់ក្រុមជម្រើសម៉ុងហ្គោលី ថ្លែងក្នុងសន្និសីទ សារព័ត៌មានថា៖«ខ្ញុំពិតជាសប្បាយចិត្ត ដែរបានមកប្រកួតនៅប្រទេសកម្ពុជា, ហើយខ្ញុំដឹងថា ក្រុមជម្រើសជាតិកម្ពុជា ពិតជាល្អប្រសើរជាងក្រុមរបស់ខ្ញុំ ដោយសារមានការដឹកនាំដោយគ្រូល្អៗដូចជាលោក Honda កាលពីមុន ហើយឥឡូវគឺលោក Felix ជាមួយនឹងរបៀបលេង បាល់ទាត់បែបជប៉ុនរបស់ពួកគាត់ ព្រោះពួកគាត់ជា គ្រូបង្វឹកដ៏ល្អក្នុងពេលបច្ចុប្បន្ន។ ដូច្នេះ ខ្ញុំគឺពិតជារីករាយក្នុងការប្រកួតដ៏តានតឹងជាមួយក្រុមជម្រើសជាតិកម្ពុជា សម្រាប់ថ្ងៃស្អែកនេះ ហើយពួកយើងចង់ប្រកួត ក្លាយជាប្រកួតមួយដែលល្អសម្រាប់អ្នកគាំទ្រ»។
ចំណាប់អារម្មណ៍លោក FELIX G.DALMAS គ្រូបង្វឹករបស់ក្រុមជម្រើសកម្ពុជាក្នុងសន្និសីទ សារព័ត៌មាន ថ្លែងថា៖«សម្រាប់ថ្ងៃស្អែកនេះជាការប្រកួតមួយដ៏តានតឹង ម៉ុងហ្គោលីជាក្រុមមួយដែរមានកាយសម្បទាធំ ហើយពួកគេ ក៏មានកីឡាករម្នាក់ដែរលេងនៅអឺរ៉ុប ហើយកីឡាកររូបនោះអាចជាបញ្ហាសម្រាប់ក្រុមរបស់យើង ។
បន្ទាប់ពីការប្រមូលផ្តុំលើកចុងក្រោយ ខ្ញុំបានសង្កេតឃើញថាយើងមានការល្អប្រសើជាងមុនដោយសារយើង បានប្រកួតជាមួយក្រុមខ្លាំងៗកន្លងទៅ ហើយឆ្នាំមុនយើងបានបញ្ចប់ហើយ ហើយនេះជាឆ្នាំថ្មីយើងចាប់ផ្តើម ត្រៀមខ្លួនធ្វើការឡើងវិញ ហើយយើងសង្ឃឹមថាការប្រកួតស្អែកនេះយើងនឹងធ្វើបានល្អ»។
តាមគម្រោងក្រុមជម្រើសជាតិកម្ពុជា នឹងម៉ុងហ្គោលី ណាត់គ្នាប្រកួតមិត្តភាពអន្តរជាតិចំនួន២លើក ដោយក្នុងនោះ៖
*៧ មិថុនា ២០២៤ ម៉ោង៦ល្ងាច កម្ពុជា ប៉ះ ម៉ុងហ្គោលី នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ
*១១ មិថុនា ២០២៤ ម៉ោង៦ល្ងាច ម៉ុងហ្គោលី ប៉ះ កម្ពុជា នៅកីឡដ្ឋាន MFF ទីក្រុងអ៊ុលឡានបាតា។
គួរបញ្ជាក់ថា ទាំងកម្ពុជា និងម៉ុងហ្គោលី សុទ្ធតែកំពុងត្រៀមខ្លួនដើម្បីចូលរួមប្រកួតវគ្គជម្រុះបឋម ក្នុងពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី 2027 AFC Asian Cup qualification – play-off round ដោយម៉ុងហ្គោលី ចាប់គូប៉ះទីម័រខាងកើត ហើយកម្ពុជា ចាប់គូប៉ះស្រីលង្កា៕