ក្រុម​បាល់ទាត់ជម្រើសជាតិកម្ពុជា នឹង​ត្រូវ​ជួបក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ុងហ្គោលី ​នៅពហុកីឡដ្ឋានជាតិ ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតមិត្តភាពអន្តរជាតិ វេលាម៉ោង ១៨:០០ នាទីល្ងាច ប្រទិតិនថ្ងៃ FIFA Days។

តាម​គម្រោង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ម៉ុងហ្គោលី ណាត់​គ្នា​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២លើក ដោយ​ក្នុង​នោះ៖
– ៧ មិថុនា ២០២៤ ម៉ោង​៦ល្ងាច កម្ពុជា ប៉ះ ម៉ុងហ្គោលី នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ
– ១១ មិថុនា ២០២៤ ម៉ោង​៦ល្ងាច ម៉ុងហ្គោលី ប៉ះ កម្ពុជា នៅ​កីឡដ្ឋាន MFF ទីក្រុង​អ៊ុលឡានបាតា។

ចំណាប់អារម្មណ៍លោក FELIX G.DALMAS គ្រូបង្វឹករបស់ក្រុមជម្រើសកម្ពុជាក្នុងសន្និសីទ សារព័ត៌មាន ថ្លែងថា៖«សម្រាប់ថ្ងៃស្អែកនេះជាការប្រកួតមួយដ៏តានតឹង ម៉ុងហ្គោលីជាក្រុមមួយដែរមានកាយសម្បទាធំ ហើយពួកគេ ក៏មានកីឡាករម្នាក់ដែរលេងនៅអឺរ៉ុប ហើយកីឡាកររូបនោះអាចជាបញ្ហាសម្រាប់ក្រុមរបស់យើង ។ បន្ទាប់ពីការប្រមូលផ្តុំលើកចុងក្រោយ ខ្ញុំបានសង្កេតឃើញថាយើងមានការល្អប្រសើជាងមុនដោយសារយើង បានប្រកួតជាមួយក្រុមខ្លាំងៗកន្លងទៅ ហើយឆ្នាំមុនយើងបានបញ្ចប់ហើយ ហើយនេះជាឆ្នាំថ្មីយើងចាប់ផ្តើម ត្រៀមខ្លួនធ្វើការឡើងវិញ ហើយយើងសង្ឃឹមថាការប្រកួតស្អែកនេះយើងនឹងធ្វើបានល្អ»។

ចំណាប់អារម្មណ៍លោក ICHIRO OTSUKA គ្រូបង្វឹករបស់ក្រុមជម្រើសម៉ុងហ្គោលី​ ថ្លែងក្នុងសន្និសីទ សារព័ត៌មានថា៖«ខ្ញុំពិតជាសប្បាយចិត្ត ដែរបានមកប្រកួតនៅប្រទេសកម្ពុជា, ហើយខ្ញុំដឹងថា ក្រុមជម្រើសជាតិកម្ពុជា ពិតជាល្អប្រសើរជាងក្រុមរបស់ខ្ញុំ ដោយសារមានការដឹកនាំដោយគ្រូល្អៗដូចជាលោក Honda កាលពីមុន ហើយឥឡូវគឺលោក Felix ជាមួយនឹងរបៀបលេង បាល់ទាត់បែបជប៉ុនរបស់ពួកគាត់ ព្រោះពួកគាត់ជា គ្រូបង្វឹកដ៏ល្អក្នុងពេលបច្ចុប្បន្ន។ ដូច្នេះ ខ្ញុំគឺពិតជារីករាយក្នុងការប្រកួតដ៏តានតឹងជាមួយក្រុមជម្រើសជាតិកម្ពុជា សម្រាប់ថ្ងៃស្អែកនេះ ហើយពួកយើងចង់ប្រកួត ក្លាយជាប្រកួតមួយដែលល្អសម្រាប់អ្នកគាំទ្រ»។

គួរបញ្ជាក់ថា ទាំង​កម្ពុជា និង​ម៉ុងហ្គោលី សុទ្ធ​តែ​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​បឋម ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2027 AFC Asian Cup qualification – play-off round ដោយ​ម៉ុងហ្គោលី ចាប់​គូ​ប៉ះ​​ទីម័រខាងកើត ហើយ​កម្ពុជា ចាប់​គូ​ប៉ះ​​ស្រីលង្កា៕

Share.