សិល្បៈជាតិ៖ មែនទែនទៅ ការរចនាម៉ូដសម្លៀកបំពាក់បុរាណខ្មែរនីមួយៗចាំបាច់ត្រូវពឹងផ្អែកលើមូលដ្ឋានច្បាស់លាស់ ដែលជាមួយគ្នានោះ តារាសម្ដែង Sool Cool ក៏ជាអ្នកច្នៃម៉ូដម្នាក់ដែលបានចូលរួមបំផុសគំនិតរចនាម៉ូដសម្លៀកបំពាក់ខ្មែរគ្រប់សម័យកាលដោយសិក្សាលម្អិតពីចម្លាក់តាមជញ្ជាំងប្រាសាទនានា។

ម៉ូដសម្លៀកបំពាក់ដែលលោកបានដកស្រង់ និងគាស់កកាយឱ្យមានភាពរស់រវើកឡើងវិញ ភាគច្រើនជាម៉ូដ សេនា ទាហ៊ាន ប្រជារាស្ត្រ មន្ត្រី ព្រាហ្ម និងព្រះមហាក្សត្រ ជាដើម ដែលមានប្រើប្រាស់នៅក្នុងសម័យ អាណាចក្រខ្មែរ និងសាមន្ដរដ្ឋ ជាច្រើនឈុត ដោយលោកបានសិក្សា និងដកស្រង់ពីរូបចម្លាក់នៅតាមជញ្ជាំងប្រាង្គប្រាសាទរបស់ខ្មែរដែលបុព្វបុរសខ្មែរបន្សល់ទុកមក។

ជាមួយការច្នៃម៉ូដនេះ តារាប្រុស Sool Cool បានរៀបរាប់ខ្លឹមសារចេញពីក្រអៅដួងចិត្តថា ៖

«ឈុត សេនា ឬ ទាហ៊ាន អាណាចក្រខ្មែរ និង សាមន្ដរដ្ឋ ដែលជាចំណុះនៃអាណាចក្រ ដែលខ្ញុំបានរៀបចំដំឡើង និង ដកស្រង់ចម្លងនូវសិល្បៈខ្លះៗ ពីជញ្ជាំងប្រាង្គ និង កែសម្រួលដើម្បីយកមកបង្ហាញ ធ្វើឱ្យវាមានជីវិតសាជាថ្មី។ ហើយខ្ញុំបាទ ក៏សូមឧទ្ទិសស្នាដៃនេះ ដល់បុព្វបុរសខ្មែរដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក៏ដើម្បីកូនចៅជំនាន់ក្រោយឱ្យមានមោទកភាពនូវអ្វីដែលលោកទុកឱ្យ មិនថាជាសិល្បៈវប្បធម៌ ក្បួនគ្រប់យ៉ាង ឬ មរតកដ៏ធំមហាសាល ដែលកូនចៅចាយមិនចេះអស់។ នេះជាសមិទ្ធផលថ្មីមួយទៀត នារដូវកាលទីមួយ ដែលខ្ញុំបានធ្វើ ហើយខ្ញុំនឹងបន្តធ្វើ ឈុតថ្មីៗ នូវរដូវកាលបន្ទាប់ ហើយស្រាវជ្រាវរៀនបន្ថែមពីអ្នកជំនាញ និង លើកកំណត់ត្រាថ្មី លើប្រវត្តិសាស្រ្តដើម្បីឱ្យពួកយើងកាន់តែដើរខិតជិតប្រវត្តិសាស្រ្ត ដូចកាលម្សិលមិញ! បើខ្ញុំមានកំហុសខុសឆ្គងខ្វះខាតត្រង់ណា សូមមេត្តាខន្តីអភ័យទោស ជួយឆាតមកខ្ញុំបាទ ដើម្បីកែសម្រួល តែសូមកែសម្រូលដោយចំណេះដឹង និង យោគយល់ ។ អរគុណ»។


យ៉ាងណាមិញ ស្នាដៃរបស់លោកត្រូវបានអ្នកលេងបណ្ដាញសង្គមពេញចិត្តជាខ្លាំង ហើយបានលើកទឹកចិត្តឱ្យលោកបន្តតម្លើងស្នាដៃបែបនេះឱ្យបានច្រើនថែមទៀត ដើម្បីឱ្យកូនខ្មែរគ្រប់រូបប្រើប្រាស់ការស្លៀកពាក់បែបបុរាណត្រឹមតាមក្បួនខ្នាត និងទម្រង់៕

Share.