ក្រុមហ៊ុន Blu-O បានរៀបចំកម្មវិធីចែករំលែកបច្ចេកទេសកីឡាប៊ូលីង (Learn to Bowl with Blu-O) ដល់ក្រុមសិស្សនិស្សត នៃសាកលវិទ្យាល័យបៀលប្រាយ ប្រមាណជាង៥០នាក់ នៅផ្សារទំនើប Aeon 2 ជាន់ទី៣ កាលពីចុងឧសភា ឆ្នាំ២០២៤ កន្លងទៅ។

លោក ថេង ស្រស់ ប្រធានផ្នែក ប្លូអូខេមបូឌា បានប្រាប់ឱ្យដឹងនៅថ្ងៃកម្មវិធីថា ប៊ូលីង ជាកីឡាមួយប្រភេទដែលសិស្សានុសិស្ស ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមលេងដើម្បីសុខភាព។ បន្ថែមពីនេះ ប្លូអូខេមបូឌា ក៏មានគំនិតផ្តួចផ្តើមជួយជំរុញបន្ថែមឱ្យប្រជាជនកម្ពុជាចូលរួមលេងកីឡាសុវត្ថិភាពមួយនេះបានច្រើន។ លោកបន្ថែមថា នេះជាលើកទី៣ ដែល ប្លូអូខេមបូឌា បានរៀបចំកម្មវិធីចែករំលែកបច្ចេកទេសកីឡាប៊ូលីង “Learn to Bowl with BluO” ដោយកាលពីលើកទី១ និងទី២ បានធ្វើឡើងនៅ ប្លូអូ សាខាផ្សាទំនើប Aeon រាជធានីភ្នំពេញ ។

ប្រធានផ្នែករូបនេះបន្តទៀតថា វាជាជំហានដំបូងដែល ប្លូអូខេមបូឌា បានចែករំលែកបច្ចេកទេសកីឡាប៊ូលីង “Learn to Bowl with BluO” ហើយកម្មវិធីបន្ទាប់ គឺធ្វើការជ្រើសរើសកីឡាករដែលពួកគាត់មានទេពកោសល្យចូលរួមជាកីឡាករជម្រើសជាតិ “Bowl to be National Cambodia Team” ដែលបច្ចុប្បន្ននេះ ប្លូអូខេមបូឌា បានក្លាយជាសមាជិកសហព័ន្ធកីឡាប៊ូលីងកម្ពុជា ដូច្នេះលោកអំពាវនាវ​ឱ្យយុវជនចូលរួមលេង និងគាំទ្រកីឡានេះ។

ចំណែកឯលោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបៀលប្រាយបានប្រាប់ឱ្យដឹងថា មាននិស្សិតជាង ៥០នាក់ដែលបានចូលរួមទទួលយកបទពិសោធន៍បច្ចេកទេសលេងកីឡាប៊ូលីងនៅថ្ងៃកម្មវិធី។ លោកបន្ថែមថា វាជាលើកទីមួយដែលសាកលវិទ្យាល័យបៀលប្រាយបានដឹកនាំនិស្សិតជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងគោលបំណងទទួលយកបទពិសោធន៍បច្ចេកទេសលេងកីឡាប៊ូលីង “Learn to Bowl with BluO” ផងដែរ។

សម្រាប់កម្មវិធីនេះចាប់ផ្តើមពីពេលនេះតទៅ រហូតដល់ចុងឆ្នាំ២០២៤ នេះ ហើយនឹងកំពុងសហការឱ្យបានគ្រប់សាលាទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីឈានទៅសម្រេចគោលដៅស្វែងរក យុវជនដែលមានសម្ថភាព ហើយក្រុមហ៊ុន Blu-O ជឿជាក់ថា យុវជនរបស់ទាំងអស់ប្រាកដជាអាចធ្វើបាន ដោយមានការជ្រោមជ្រែងបន្ថែមពី Blu-O នឹងនៅពីក្រោយជួយឱ្យក្រុមយុវជនដែលមានឆន្ទះ និងក្តីស្រមៃ ឈានឱ្យដល់គោលដៅនិងលទ្ធផលដែលចង់បាន៕

Share.