ការប្រកួតវគ្គជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 Qualification ប្រចាំទ្វីបអាស៊ី កំពុងបន្តការប្រកួតក្នុងវគ្គជម្រុះក្នុងពូលរបស់ខ្លួន ខណៈមានប្រទេសចំនួន៣ក្នុងតំបនអាស៊ាន នឹងធ្លាក់ចេញមុខការកំណត់ទោះនៅសល់ការប្រកួតក្នុងដៃក៏ដោយក្តី។

យោងតាមការធ្វើបច្ចុប្បន្នភាពរបស់សព័ន្ធបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC បានបង្ហាញអំពីក្រុមដែលត្រូវបានឡើងទៅវគ្គជម្រុះជុំទី៣ និងក្រុមដែលរងចាំពិន្ទុ ព្រមទាំងបានបង្ហាញពីក្រុមដែលធ្លាក់ចេញពីការប្រកួតត្រឹមវគ្គទី២។

នេះជាក្រុមអាស៊ានទាំង ៣ដែលធ្លាក់ចេញពីការប្រកួតជម្រុះត្រឹមជុំទី២៖

ទី១​. ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា

ទី២. ក្រុមជម្រើសជាតិហ្វីលីពីន

ទី៣. ក្រុមជម្រើសជាតិសិង្ហបុរី

ក្រៅពីក្រុមក្នុងរតំបន់អាស៊ានក៏មានក្រុមមួយចំនួនទៀតធ្លាក់ចេញពីការជម្រុះដែរមានដូចជា៖ ចិនតៃប៉ិ, តូមិននីស្ថាន, ហុងកុង, ប៉ាគីស្ថាន, នេប៉ាល, បង់ក្លាដេស, លីបាណុន, តាជីគីស្ថាន និង យេមេន។

សម្រាប់ក្រុមដែលឡើងទៅវគ្គជម្រុះជុំទី៣ មានដូចជា៖ អូស្ត្រាលី, អ៊ីរ៉ាក់, អ៊ីរ៉ង់, អ៊ូសបេគីស្ថាន, កាតា, អារ៉ាប់រួម, ជប៉ុន, កូរ៉េខាងត្បូង, អូម៉ង់, អារ៉ាប៊ីសាអូឌីត, ប៉ាឡេស្ទីន, ហ្ស៊កដានី និងបារ៉ែន។

ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលតែង​តែ​បង្ហាញ​វត្តមាន​​៤ឆ្នាំម្តង ត្រូវ​បាន​ផ្លាស់ប្ដូរ ដោយការ​ជ្រើសរើស​ក្រុម​បង្កើន​ពី​៣២​ក្រុម រហូត​ដល់​៤៨ក្រុម​ឯណោះ បើធៀប​នឹង​ឆ្នាំ​២០២២ កន្លងទៅ។ ដោយឡែកសម្រាប់ ឆ្នាំ២០២៦នេះវិញ ព្រឹត្តិការណ៍ FIFA World Cup ​មាន​សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ ទាំង៣ប្រទេសតែម្តង។

ខាងក្រោមនេះជាចំនួនកៅអីដែលបណ្តាលទ្វីប នីមួយៗទទួលបានមុនទៅចូលនៅ World Cup ឆ្នាំ២០២៦៖

១. ទ្វីបអាស៊ី ទទួលបាន ៨កៅអី កើនឡើងចំនួន ២កៅអី
២. ទ្វីបអាហ្រ្វិក ទទួលបាន ៩កៅអី កើនឡើងចំនួន ៥កៅអី
៣. ទ្វីបអាមេរិកខាងជើង ទទួលបាន ៣កៅអី (ដកម្ចាស់ផ្ទះ៣ប្រទេស)
៤. ទ្វីបអាមេរិកខាងត្បូង ទទួលបាន ៦កៅអី កើនឡើងចំនួន ២កៅអី
៥. ទ្វីបអឺរ៉ុប ទទួលបាន ១៦កៅអី កើនឡើងចំនួន ៣កៅអី
៦. ទ្វីបអូសេអានី ទទួលបាន ១កៅអី។

បើមិនមានអ្វីប្រែប្រួលនោះទេ នោះការប្រកួតជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ នឹងចាប់ផ្តើមនៅខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦ ដែល​រៀបចំ​ឡើង​នៅ​សហរដ្ឋអា​មេរិក កាណាដា និងម៉ិកស៊ិក ដោយមាន ៤៨ក្រុម មកពី៦ទ្វីប ជុំវិញពិភពលោក។

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បង្តើតឡើងដំបូងនៅឆ្នាំ១៩៣០ គិត​មក​ដល់បច្ចុប្បន្ននេះគឺមានអាយុកាល ៩៣ឆ្នាំហើយ ខណៈ​ដែលក្រុម​ដែលគ្រង​ជើង​ឯកពាន​រង្វាន់​នេះច្រើនជាងគេនោះគឹក្រុមជម្រើសជាតិប្រេស៊ីល បានចំនួន ៥ដង ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤, និង២០០២ តាមពីក្រោយដោយក្រុមជម្រើសជាតិអាហ្សង់ទីន បានចំនួន ៣ដង ពោល​គឺឆ្នាំ១៩៧៨, ១៩៨៦ និងចុងក្រោយនេះនៅឆ្នាំ២០២២ ដែលរៀបចំនៅប្រទេសកាតា៕

Share.