នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ កីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leduc បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖«ខ្ញុំនឹងនៅចាំមុខហាងកាហ្វេរបស់ខ្ញុំ DAV House នៅម៉ោង 2 រសៀល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនៅលើបណ្តាញសង្គម ពីលោកខូវ ឆាយ មកកាន់រូបខ្ញុំ»។

Dave បន្ត៖«ខ្ញុំ​មានការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ របស់​លោកប្រធានថ្មីនៃ​សហព័ន្ធ​គុន​ខ្មែរ​ ដែល​គ្មាន​វិជ្ជាជីវៈ និង​មិន​មានការផ្តល់តម្លៃមកលើរូបខ្ញុំ។ អតីតប្រធានសហព័ន្ធគុនខ្មែរមុន មានទាំងវិជ្ជាជីវៈ និងចាស់ទុំជាង គួរអោយគោរព។ ខ្ញុំ​គិត​ថា​អ្នក​ថ្មី​កំពុង​ព្យាយាម​ចង់ល្បីដោយយក​ឈ្មោះ​ខ្ញុំមកធ្វើជាវិធានបទ ពេលនេះដំណើរការ​ហើយ សូមអបអរសាទរ។ ប្រសិនបើជាមនុស្សប្រុសមែន គួរតែនិយាយជាមួយគ្នា ហើយ​ពិភាក្សាអំពី​បញ្ហា។ ប៉ុន្តែគាត់បានសម្រេចចិត្តនិយាយជាមួយអ្នកកាសែត ហើយផ្សព្វផ្សាយនៅលើបណ្តាញសង្គមនិងធ្វើអោយរឿងនេះផ្ទុះ។ គាត់​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះខ្ញុំ​ជា​សាធារណៈ ហើយ​ប្រឌិតរឿងមិនពិតអំពីខ្ញុំ»។

Dave Leduc សង្កត់ធ្ងន់ថា៖«ខ្ញុំស្រលាញ់ប្រទេសកម្ពុជា ខ្ញុំរស់នៅទីក្រុងនៅភ្នំពេញជាមួយគ្រួសាររបស់ខ្ញុំ និងកូនរបស់ខ្ញុំទើបតែកើតបាន 1ខែ នៅទីនេះ។ ខ្ញុំបានវិនិយោគនៅទីនេះ ខ្ញុំបានបង្កើតការងារសម្រាប់បុគ្គលិកជាច្រើន ខ្ញុំបានបើកអាជីវកម្មនៅទីនេះ ហើយអ្នកដែលបានតាមដានខ្ញុំ ដែលជា Fan ខ្ញុំ ពួកគាត់ដឹង​ហើយថា​ខ្ញុំ​បានជួយផ្សព្វផ្សាយ​គុន​ខ្មែរ​ស្ទើរ​តែ​រាល់​ថ្ងៃ​តាម​បណ្តាញ​សង្គម»។

Dave Leduc បានបញ្ជាក់ថា៖«លោក ខូវ ឆាយ កំពុងតែនិយាយកុហក។ ខ្ញុំ​មិន​ដែល​កែប្រែ​ច្បាប់​ប្រកួត​ជាមួយ​ ព្រំ សំណាង​ ទេ។ អ្នកទាំងអស់គ្នាដឹងហើយថាខ្ញុំមិនប្រកួតដោយពាក់ហ្គុងនោះទេ»។

គួរដឹងថាឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងកាលពីថ្ងៃទី៩ ខែមិថុនា ថា៖«ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដាវ លីឌុច (Dave Leduc) មិនអាចឡើងសង្វៀនគុនខ្មែរនៅកម្ពុជាឡើយ»។

ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ថា៖«ចំពោះខ្ញុំ យើងគាំទ្រដែលមានកីឡាករបរទេសមកជួយផ្សព្វផ្សាយគុនខ្មែរ ប៉ុន្ដែចំពោះបុគ្គល Dave Leduc មួយ អ្វីដែលខ្ញុំបានឃើញសំណេររបស់គាត់ គឺខ្ញុំមិនគាំទ្រទេ ដោយសារគាត់សរសេរ ទី១-គាត់ទាមទារលក្ខខណ្ឌទឹកប្រាក់ ១លានដុល្លារ ។ នេះមិនមែនជាការផ្សព្វផ្សាយគុនខ្មែរទេ គឺជាការទាមទារលក្ខខណ្ឌសម្រាប់ប្រយោជន៍របស់គាត់ ។ ទី២-គាត់និយាយពីបញ្ហាគុនខ្មែរ និង Mauy Thai ខ្ញុំគិតថា ក្នុងនាមសហព័ន្ធ យើងអត់ចង់មានការបែងចែក យើងអត់ចង់មានអុជអាល នាំឲ្យមានការរើសអើងពូជសាសន៍ទេ ព្រោះទង្វើនេះ នាំឲ្យមានការឈ្លោះគ្នា ហើយយើងអត់ត្រូវការទេសង្គ្រាម ក្នុងនាមប្រទេសមួយដែលមានសន្ដិភាព យើងអត់ត្រូវការការឈ្លោះគ្នាឈានទៅរកការស្អប់គ្នា ឬសង្គ្រាមទេ» ។

លោក ខូវ ឆាយ សង្កត់ធ្ងន់ថា៖«ចំពោះបុគ្គល Dave Leduc ខ្ញុំនិយាយឲ្យត្រង់ ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធ ខ្ញុំអត់ស្វាគមន៍គាត់ឡើងសង្វៀននៅកម្ពុជាទេ ដោយសារបុគ្គលនេះ បង្កបញ្ហាម្ដងមកហើយ កាលពីប្រកួតជាមួយ ព្រំ សំណាង ឡើងមុន ។ ខ្ញុំនៅក្នុងទិដ្ឋភាពនោះផ្ទាល់ គឺគាត់ (Dave Leduc) ពេលមកដល់ព្រមព្រៀងគ្នាហើយថា ប្រកួតពាក់ហ្គង់ តែដល់ម៉ោងប្រកួត គាត់ទាមទារប្រកួតអំបោះឆៅវិញ នាំឲ្យពន្យាពេលកម្មវិធីដល់ជាង ១ម៉ោង ។ ពេលហ្នឹង ដោយសារយើងបង្ខំឲ្យ ព្រំ សំណាង ព្រមទទួលយកការប្រកួតហ្នឹង បើមិនអ៊ីចឹងខូចកម្មវិធីទាំងមូល ។ យើងឃើញថា កីឡាករហ្នឹង(Dave Leduc) គាត់មិនច្បាស់លាស់ ក្រឡេចក្រឡុចច្រើន ។ ក្នុងនាមសហព័ន្ធ ខ្ញុំអត់ស្វាគមន៍ ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធ Dave Leduc មិនអាចឡើងសង្វៀននៅកម្ពុជាទេ បើគាត់នៅចង់ឡើងសង្វៀននៅកម្ពុជា ខ្ញុំគិតថា គាត់ចាំរហូតដល់ខ្ញុំចុះចេញសិន» ។

បន្ថែមលើនេះ ប្រធានសហព័ន្ធដដែល បានសម្ដែងការមិនពេញចិត្តជាខ្លាំង អំឡុងកម្មវិធីគុនខ្មែរ ដែលមានវត្តមានស្ដេចប្រដាល់ ម៉ានី ប៉ាគីអាវ ចូលរួមនៅកោះពេជ្រ កាលពីថ្មីៗ បែរជា Dave Leduc ឆ្លៀតឱកាសនោះ ដើម្បីផ្សព្វផ្សាយពីក្បាច់គុន Lethwei ទៅវិញ។

លោក ខូវ ឆាយ បន្ដថា «ខ្ញុំអត់គាំទ្រទេ បុគ្គលនេះ ដែលយើងឃើញហើយ ម្ដងជាពីរដង ទី១-គឺការប្រកួតជាមួយ ព្រំ សំណាង ទី២-គឺកម្មវិធីគុនខ្មែរថ្ងៃមុន ដែលលោក ប៉ាគីអាវ គាត់អញ្ជើញចូលរួម ឆ្លៀតក្នុងកម្មវិធីរបស់គុនខ្មែរយើង បែរជាគាត់((Dave Leduc) ទៅបង្ហាញក្បាច់គុន Lethwei ដោយបង្គាប់ឲ្យ ប៉ាគីអាវ ធ្វើតាមគាត់ ។ នេះគឺជារឿងមួយ ដែលយើងអត់ពេញចិត្ត ហើយអត់គាំទ្រទេ ។ យើងឃើញទង្វើរបស់គាត់ បុគ្គលនេះ មិនអាចយកជាគ្នាបានទេ ។ អ៊ីចឹងក្នុងនាមសហព័ន្ធ យើងនឹងមិនធ្វើការជាមួយគាត់ទេ ព្រោះអីយើងអត់ដឹងពេលធ្វើការជាមួយគាត់ទៅមានរឿងអ្វីកើតឡើងទេ មិនស្រួលដល់ម៉ោងវ៉ៃ ពេលឡើងសង្វៀន គាត់អាចមានការប្រែក្រឡាស់ទៀត ។ បុគ្គលដែលមិនអាចយកជាគ្នាបាន មានន័យថា គាត់អាចធ្វើអ្វីបានទាំងអស់ គាត់អាចប្រែប្រួលបាន ដល់ចឹងយើងអត់អាចទុកចិត្តធ្វើការជាមួយគាត់បានទេ ខូចកម្មវិធីគេអស់» ។

ទន្ទឹមជាមួយគ្នា លោកបានចាត់ទុកវត្តមាន Dave Leduc នៅកម្ពុជា គ្រាន់តែជាការអស់ផ្លូវដើរប៉ុណ្ណោះ ។ លោកថា៖ «ខ្ញុំគិតថា បុគ្គល Dave Leduc គាត់មកកម្ពុជាសព្វថ្ងៃនេះ ដោយសារគាត់អស់ផ្លូវហើយ ។ កាលពីមុនគាត់នៅថៃ ចេញពីថៃ ទៅមីយ៉ាន់ម៉ា ហើយឥលូវគាត់កំពុងនៅកម្ពុជា ដើម្បីស្វែងរកការជ្រកកោណ ឬអាចថា ស្វែងរកការគាំទ្រដើម្បីចូលសញ្ជាតិអីខ្ញុំអត់ដឹងទេ ផែនការរបស់គាត់ តែតាមគំនិតរបស់ខ្ញុំផ្ទាល់ខ្លួន ខ្ញុំគិតថាអ៊ីចឹង»៕

Share.