សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានពីការសងសឹកជាថ្មីប្រឆាំងនឹងកូរ៉េខាងត្បូង ប្រសិនបើកូរ៉េខាងត្បូងនៅតែបន្តបង្ហោះប៉េងប៉ោងភ្ជាប់ខិត្តប័ណ្ណប្រឆាំងចូលទឹកដីប្រទេសខាងជើង រួមទាំងការចាក់ឧបករណ៍បំពងសំឡេង ចំពេលមានភាពតានតឹងរវាងប្រទេសទាំង២។ បេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។

អ្នកស្រី Kim Yo-jong ដែលជាប្អូនស្រីមេដឹកនាំកូរ៉េខាងជើង និងជាអនុប្រធាននាយកដ្ឋាននៅក្នុងគណបក្សកម្មករដែលកំពុងកាន់អំណាច បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃទី៩ ខែមិថុនា ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា «ប្រសិនបើកូរ៉េខាងត្បូង នៅតែបន្ដអនុវត្តការចែកចាយពង្រាយខិត្តប័ណ្ណ និងចាក់ឧបករណ៍បំពងសម្លេងផ្សព្វផ្សាយនៅតាមបន្ទាត់ព្រំដែនទៀតនោះ ច្បាស់ណាស់នឹងឃើញពីការវាយបកប្រឆាំងសារជាថ្មីរបស់កូរ៉េខាងជើង»។ អ្នកស្រី Kim បាននិយាយដោយសំដៅទៅលើការផ្សាយតាមឧបករណ៍បំពងសំឡេងរបស់កូរ៉េខាងត្បូង ថា «ជាការបំផ្លើសក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយ»។

ទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមបញ្ជូនប៉េងប៉ោងដែលដឹកសំរាម និងលាមកសត្វឆ្លងកាត់ប​ន្ទាត់ព្រំដែនក្នុងខែឧសភា ហើយបាននិយាយថា ទង្វើនេះ គឺជាការសងសឹកចំពោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដែលបង្ហោះដោយសកម្មជនកូរ៉េខាងត្បូងដែលជាផ្នែកនៃយុទ្ធនាការឃោសនា។

យោធារបស់កូរ៉េខាងជើង បាននិយាយថា កូរ៉េខាងត្បូង បានបន្តការចាក់ផ្សាយតាមឧបករណ៍បំពងសម្លេង ដែលតម្រង់ចូលមកកាន់ទឹកដីប្រទេសកូរ៉េខាងជើង នៅថ្ងៃទី៩ ខែមិថុនា បន្ទាប់ពីមានការព្រមានដែលទាមទារឱ្យទីក្រុងព្យុងយ៉ាង បញ្ឈប់ការបញ្ជូនប៉េងប៉ោង ដែលដឹកសំរាមចូលទៅក្នុងភាគខាងត្បូងរបស់ខ្លួន។

ទន្ទឹមនោះយោធាកូរ៉េខាងត្បូង បាននិយាយថា ការសម្រេចចិត្តបន្តការផ្សាយឡើងវិញ ដែលជាទម្រង់នៃសង្គ្រាមចិត្តសាស្ត្រ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានចាប់ផ្ដើមបង្ហោះប៉េងប៉ោងសំរាមចំនួន៣៣០ ចូលមកទឹកដីកូរ៉េខាងត្បូង កាលពីថ្ងៃទី៨ ខែមិថុនា ហើយប្រហែល ៨០ប៉េងប៉ោងបានទម្លាក់នៅតាមព្រំដែន។

គួររំលឹកថា កូរ៉េខាងត្បូង បានបញ្ឈប់ការផ្សព្វផ្សាយក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសកូរ៉េទាំង២ កាលពីឆ្នាំ២០១៨ ប៉ុន្តែភាពតានតឹងបានកើនឡើងចាប់តាំងពីពេលនោះមក ខណៈដែលទីក្រុងព្យុងយ៉ាង បានបង្កើនជាមួយនឹងការអភិវឌ្ឍអាវុធ។

ជាការឆ្លើយតប កូរ៉េ​ខាង​ត្បូង បាន​សម្រេច​ផ្អាក​កិច្ច​​ព្រមព្រៀង​ព្រំដែន​​យោធា​ឆ្នាំ​២០១៨ ជាមួយ​ប្រទេស​កូរ៉េ​​ខាង​ជើង។ ក្រោយ​សេចក្ដី​សម្រេច​នេះ កូរ៉េ​ខាង​ត្បូង បាន​ចាប់​​ផ្ដើម​​​ចាក់​​ផ្សាយ​កម្មវិធី​​វិទ្យុ មាន​ចំណង​ជើង​ថា «សម្លេង​នៃ​សេរីភាព» តាម​រយៈ​ឧបករណ៍​​បំពង​សម្លេង សា​រជា​ថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៩ ខែ​មិថុនា។ ការ​​ប្រើប្រាស់​ឧបករណ៍​បំពង​សម្លេង​នេះ ធ្វើ​ឡើង​ដោយ​​អង្គ​ភាព​សង្គ្រាម​ចិត្ត​សាស្ត្រ​នៃ​ក្រសួង​ការពារ​ជាតិ​​កូរ៉េ​ខាង​ត្បូង៕

ប្រភព៖ Reuters

Share.