ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងកាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ថា៖«ខ្ញុំហ៊ានធ្វើហ៊ានទទួលខុសត្រូវ ខ្ញុំទទួលខុសត្រូវចំពោះសំដីរបស់ខ្ញុំគ្រប់ម៉ាត់។ ខ្ញុំមិនដែលរើសអើងជាតិសាសន៍ណាមួយឡើយ ខ្ញុំមានមិត្តភ័ក្តគ្រប់ជាតិសាសន៍ សាសន៍ណាក៏មានល្អមានអាក្រក់ដែរ»។

លោក ខូវ ឆាយ សង្កត់ធ្ងន់ថា៖«ខ្ញុំមិនដែលយកអ្នកណាជាសត្រូវឡើយ គ្រាន់តែខ្ញុំប្រកាន់គោលការណ៍មិនសេពគប់ជាមួយមនុស្សក្រឡិចក្រឡុច ក្រអឺតក្រទមឡើយ។ ដរាបណាអ្នកឯងនៅតែក្រអឺតក្រទម យកគុនខ្មែរជាឈ្នាន់ដើម្បីប្រយោជន៍អ្នកឯង ខ្ញុំគ្មានថ្ងៃធ្វើការជាមួយអ្នកឯងឡើយ។ អ្នកឯងមានសិទ្ធិរស់នៅប្រទេសកម្ពុជា ខ្ញុំក្នុងនាមពលរដ្ឋកម្ពុជាសូមស្វាគមន៍ អ្នកវិនិយោគនៅកម្ពុជា ខ្ញុំត្រេកអរ តែបើចង់ឡើងវ៉ៃនៅកម្ពុជា ខ្ញុំអត់សហការជាមួយទេ ដោយសារខ្ញុំគ្មានទំនុកចិត្ត»។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បន្តថា៖
+ក្នុងនាមជាពលរដ្ឋកម្ពុជា អ្នកណាស្រលាញ់កម្ពុជាជាមិត្តខ្ញុំ អ្នកណាបំផ្លាញកម្ពុជាខ្ញុំមិនលើកលែងទេ
+ក្នុងនាមប្រធានសហព័ន្ធគុនខ្មែរ អ្នកណាលើកតម្កើនគុនខ្មែរជាមិត្តរបស់ខ្ញុំ អ្នកណាបំផ្លាញ់គុនខ្មែរ ខ្ញុំមិនអោបដៃឈមើលទេ។

គួរដឹងថាដើមហេតុរឿងគឺកាលពីថ្ងៃទី៩ ខែមិថុនា ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងថា៖«ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដាវ លីឌុច (Dave Leduc) មិនអាចឡើងសង្វៀនគុនខ្មែរនៅកម្ពុជាឡើយ»។

ទន្ទឹមជាមួយគ្នា លោកបានចាត់ទុកវត្តមាន Dave Leduc នៅកម្ពុជា គ្រាន់តែជាការអស់ផ្លូវដើរប៉ុណ្ណោះ ។ លោកថា៖ «ខ្ញុំគិតថា បុគ្គល Dave Leduc គាត់មកកម្ពុជាសព្វថ្ងៃនេះ ដោយសារគាត់អស់ផ្លូវហើយ ។ កាលពីមុនគាត់នៅថៃ ចេញពីថៃ ទៅមីយ៉ាន់ម៉ា ហើយឥលូវគាត់កំពុងនៅកម្ពុជា ដើម្បីស្វែងរកការជ្រកកោណ ឬអាចថា ស្វែងរកការគាំទ្រដើម្បីចូលសញ្ជាតិអីខ្ញុំអត់ដឹងទេ ផែនការរបស់គាត់ តែតាមគំនិតរបស់ខ្ញុំផ្ទាល់ខ្លួន ខ្ញុំគិតថាអ៊ីចឹង»។

ភ្លាមៗនោះកីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leduc បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖«ខ្ញុំ​មានការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ របស់​លោកប្រធានថ្មីនៃ​សហព័ន្ធ​គុន​ខ្មែរ​ ដែល​គ្មាន​វិជ្ជាជីវៈ និង​មិន​មានការផ្តល់តម្លៃមកលើរូបខ្ញុំ។ អតីតប្រធានសហព័ន្ធគុនខ្មែរមុន មានទាំងវិជ្ជាជីវៈ និងចាស់ទុំជាង គួរអោយគោរព។ ខ្ញុំ​គិត​ថា​អ្នក​ថ្មី​កំពុង​ព្យាយាម​ចង់ល្បីដោយយក​ឈ្មោះ​ខ្ញុំមកធ្វើជាវិធានបទ ពេលនេះដំណើរការ​ហើយ សូមអបអរសាទរ។ ប្រសិនបើជាមនុស្សប្រុសមែន គួរតែនិយាយជាមួយគ្នា ហើយ​ពិភាក្សាអំពី​បញ្ហា។ ប៉ុន្តែគាត់បានសម្រេចចិត្តនិយាយជាមួយអ្នកកាសែត ហើយផ្សព្វផ្សាយនៅលើបណ្តាញសង្គមនិងធ្វើអោយរឿងនេះផ្ទុះ។ គាត់​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះខ្ញុំ​ជា​សាធារណៈ ហើយ​ប្រឌិតរឿងមិនពិតអំពីខ្ញុំ»។

យ៉ាងណាមិញយើងមានតែរង់ចាំមើលជុំវិញការដោះស្រាយរវាងភាគីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leduc៕

Share.