បន្ទាប់ពីក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ម៉ុងហ្គោលី ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ក្នុងលទ្ធផល ២-០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​សុក្រ ទី​៧ ខែ​មិថុនា ឆ្នាំ​២០២៤។

ដោយឡែកនៅរសៀលថ្ងៃអង្គារ​ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតមិត្តភាពអន្តរជាតិ ជើងទី២ ដែលក្រុមជម្រើសជាតិម៉ុងហ្គោលី បើកទ្វារទទួលស្វាគមន៍គោព្រៃកម្ពុជា នៅកីឡដ្ឋាន MFF Football Centre នាទីក្រុង Ulaanbaatar នៃប្រទេសម៉ុងហ្គោលី វេលាម៉ោង ៤:០០រសៀល។

គិត​ត្រឹម​ពេល​នេះ​ក្រុម​​​ជម្រើស​ជាតិ​កម្ពុជា ដែល​មាន​រហ្សនាម​ថា​«គោព្រៃ» មាន​ប្រវត្តិ​ជួប​គ្នា​ជាមួយ​ម៉ុងហ្គោលី ចំនួន​២លើក​ហើយ៖
*លើក​ទី១ ១៤ វិច្ឆិកា ២០១៩ កម្ពុជា ១-១ ម៉ុងហ្គោលី នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ
*លើក​ទី២ ៧ មិថុនា ២០២៤ កម្ពុជា ២-០ ម៉ុងហ្គោលី នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ
*លើក​ទី៣ ១១ មិថុនា ២០២៤ ម៉ុងហ្គោលី Vs កម្ពុជា នៅ​ទីក្រុង​​អ៊ុលឡានបាតា ម៉ុងហ្គោលី។

ចំណែក​ក្រុម​ជម្រើស​ជាតិ​ចំនួន​៤​ដែល​កម្ពុជា មិន​ធ្លាប់​ចាញ់​ទាល់​តែ​សោះ​លើ​ឆាក​អន្តរជាតិ ក្រោយ​មាន​ប្រវត្តិ​ជួប​គ្នា​តាំង​ពី​អតីតកាល​កន្លង​មក​មាន៖
១) អូស្ត្រាលី (ស្មើ​កម្ពុជា ១-១ ឆ្នាំ​១៩៦៥)
២) ប៊ូតាន់ (កម្ពុជា ឈ្នះ ២-០ ឆ្នាំ​២០១៥)
៣) គុយវ៉ែត (កម្ពុជា ឈ្នះ ៤-០ ឆ្នាំ​១៩៧២)
៤) ម៉ុងហ្គោលី (កម្ពុជា ឈ្នះ​១លើក និង​ស្មើ​១លើក)​។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា កំពុង​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ នានា​នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ ពោល​គឺ​ត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ស្រីលង្កា ក្នុង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី 2027 AFC Asian Cup ក្នុង​ខែ​កញ្ញា ខាង​មុខ និង​បន្ត​ប្រកួត​ជើង​ឯក​តំបន់​អាស៊ាន 2024 ASEAN Championship ដែល​ស្ថិត​ក្នុង​ពូល​ជា​មួយ​ម៉ាឡេស៊ី, សិង្ហបុរី, ប្រ៊ុយណេ ឬ ទីម័រខាងកើត និង​ថៃ៕

Share.