សិល្បៈជាតិ៖ តើលោកអ្នកបានស្គាល់អ្វីខ្លះ ទាក់ទងនឹងរបាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យ?

របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ ជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងមានក្បាច់រចនា ព្រមទាំងពន្លឺចាំងភ្លឺផ្លេកៗ។

តាមវិទ្យាស្ថានបារាំងបានប្រកាសឱ្យដឹងថា នាល្ងាចថ្ងៃអង្គារ ទី ១១ ខែមិថុនា ម៉ោង ៦កន្លះល្ងាច នៅរោងភាពយន្តរបស់វិទ្យាស្ថានបារាំង មានរៀបចំកម្មវិធីស្វែងយល់ពីលក្ខណៈពិសេសរបស់របាំព្រះរាជទ្រព្យ ពីពិចិត្រភាពរបស់សម្លៀកបំពាក់ និងគ្រៀងអល្លង្ការផ្សេងៗ ព្រមទាំងការប្រែប្រួលទូទៅខ្លះៗរបស់របាំព្រះរាជទ្រព្យកាលពីមុន និងបច្ចុប្បន្ន។ ដោយមានលោកសួង សុខរ៉ូ (អ្នកសម្របសម្រួល) ជានាយកប្រតិបត្តិអង្គការយសោធរ និងបេក្ខជនបណ្ឌិតផ្នែកនរវិទ្យានិងប្រវត្តិសាស្ត្រនៅ INALCO និងលោក ស៊ីលវាំង លីម ជាអ្នកច្នៃម៉ូដសម្រាប់របាំបុរាណខ្មែរ។

គួរបញ្ជាក់ផងដែរថា ការចូលរួមកម្មវិធីនេះគឺដោយឥតគិតថ្លៃ ដោយកម្មវិធីជាភាសាខ្មែរបកជាភាសាបារាំង៕

Share.