នៅក្នុងកិច្ចប្រជុំរយ:ពេល២ម៉ោង រវាងកីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leduc ជាមួយ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

ជាលទ្ធផល ភាគីទាំងពីរបានយល់គ្នា ដោយ កីឡាករ ដាវ លីឌុច មានឆន្ទៈបន្តចូលរួមផ្សព្វផ្សាយគុនខ្មែរលើឆាកជាតិ-អន្តរជាតិ ហើយ ឯកឧត្តម ខូវ ឆាយ ក៏សម្តែងការអបអរសាទរ ស្វាគមន៍ និងត្រៀមកិច្ចសហការជានិច្ចខាងផ្នែកបច្ចេកទេសជាមួយ លោក ដាវ លីឌុច ឱ្យបានស៊ីជម្រៅតាមគោលការណ៍ និងលក្ខន្តិកៈរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមស្មារតីរួមគ្នាដើម្បីផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីល្បាញបន្ថែមទៀតលើឆាកអន្តរជាតិ។

Dave Leduc បានបញ្ជាក់ថា៖«ខ្ញុំសប្បាយចិត្តណាស់ដែលយើងរកឃើញវិធីសាស្រ្តលើកកម្ពស់គុនខ្មែរ។ ខ្ញុំ និងឯកឧត្តម ខូវ ឆាយ បានបញ្ចប់រឿងរ៉ាវដែលយល់ច្រឡំគ្នាកន្លងមក និងបានយោគយល់ឯកភាពគ្នាក្នុងការបើកទំព័ររួមគ្នាលើកស្ទួយគុនខ្មែរ»។

កីឡាករមីយ៉ាន់ម៉ា បន្តថា៖«បន្ទាប់ពីបានជួបគាត់ ខ្ញុំគិតថា ឯកឧត្តម ខូវ ឆាយ ពិតជាមនុស្សល្អ និងឆ្លាតវៃ។ គាត់បានប្រាប់ខ្ញុំពីផែនការរបស់គាត់ក្នុងការលើកកម្ពស់គុនខ្មែរកម្រិតអន្តរជាតិ ហើយខ្ញុំបានគាំទ្រទាំងស្រុងនូវគំនិតរបស់គាត់។ យើងមានគោលដៅរួមគ្នាធ្វើឱ្យគុនខ្មែរកាន់តែល្បីល្បាញដល់ពិភពលោក។ យើងរួមគ្នាផ្សព្វផ្សាយ និងលើកស្ទួយខ្មែរ។ មិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា នឹងស្ថិតស្ថេរជានិរន្តរ៍។ ខ្ញុំស្រលាញ់ខ្មែរ ហើយខ្ញុំស្រលាញ់គុនខ្មែរ»។

គួរដឹងថាដើមហេតុនៃរឿងគឺកាលពីថ្ងៃទី៩ ខែមិថុនា ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងថា៖«ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដាវ លីឌុច (Dave Leduc) មិនអាចឡើងសង្វៀនគុនខ្មែរនៅកម្ពុជាឡើយ»៕

Share.