ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 (Qualification) បានបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូល នៃជុំទី២ ហើយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះឃើញថា ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី គឺជាក្រុមអាស៊ាន តែមួយគត់ដែលអាចឡើងទៅជុំទី៣។

ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ស្ថិតនៅពូល F ជាមួយក្រុមជម្រើសជាតិវៀតណាម ហ្វីលីពីន និងអ៊ីរ៉ាក់ សរុប៦ប្រកួតតរបស់ឥណ្ឌូនេស៊ី ឈ្នះ៣ ស្នើ២ និងចាញ់២ មាន១០ពិន្ទុ​ ឈរលេខ២ក្នុងពូល ខណៈក្រុមអ៊ីរ៉ាក់ គឺឈរលេខ១ មាន១៨ពិន្ទុ។

នេះជាក្រុមដែលឡើងទៅជុំទី៣ នៃការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក

ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលតែង​តែ​បង្ហាញ​វត្តមាន​​៤ឆ្នាំម្តង ត្រូវ​បាន​ផ្លាស់ប្ដូរ ដោយការ​ជ្រើសរើស​ក្រុម​បង្កើន​ពី​៣២​ក្រុម រហូត​ដល់​៤៨ក្រុម​ឯណោះ បើធៀប​នឹង​ឆ្នាំ​២០២២ កន្លងទៅ។ ដោយឡែកសម្រាប់ ឆ្នាំ២០២៦នេះវិញ ព្រឹត្តិការណ៍ FIFA World Cup ​មាន​សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ ទាំង៣ប្រទេសតែម្តង។

ខាងក្រោមនេះជាចំនួនកៅអីដែលបណ្តាលទ្វីប នីមួយៗទទួលបានមុនទៅចូលនៅ World Cup ឆ្នាំ២០២៦៖

១. ទ្វីបអាស៊ី ទទួលបាន ៨កៅអី កើនឡើងចំនួន ២កៅអី
២. ទ្វីបអាហ្រ្វិក ទទួលបាន ៩កៅអី កើនឡើងចំនួន ៥កៅអី
៣. ទ្វីបអាមេរិកខាងជើង ទទួលបាន ៣កៅអី (ដកម្ចាស់ផ្ទះ៣ប្រទេស)
៤. ទ្វីបអាមេរិកខាងត្បូង ទទួលបាន ៦កៅអី កើនឡើងចំនួន ២កៅអី
៥. ទ្វីបអឺរ៉ុប ទទួលបាន ១៦កៅអី កើនឡើងចំនួន ៣កៅអី
៦. ទ្វីបអូសេអានី ទទួលបាន ១កៅអី។

បើមិនមានអ្វីប្រែប្រួលនោះទេ នោះការប្រកួតជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ នឹងចាប់ផ្តើមនៅខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦ ដែល​រៀបចំ​ឡើង​នៅ​សហរដ្ឋអា​មេរិក កាណាដា និងម៉ិកស៊ិក ដោយមាន ៤៨ក្រុម មកពី៦ទ្វីប ជុំវិញពិភពលោក។

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បង្តើតឡើងដំបូងនៅឆ្នាំ១៩៣០ គិត​មក​ដល់បច្ចុប្បន្ននេះគឺមានអាយុកាល ៩៣ឆ្នាំហើយ ខណៈ​ដែលក្រុម​ដែលគ្រង​ជើង​ឯកពាន​រង្វាន់​នេះច្រើនជាងគេនោះគឹក្រុមជម្រើសជាតិប្រេស៊ីល បានចំនួន ៥ដង ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤, និង២០០២ តាមពីក្រោយដោយក្រុមជម្រើសជាតិអាហ្សង់ទីន បានចំនួន ៣ដង ពោល​គឺឆ្នាំ១៩៧៨, ១៩៨៦ និងចុងក្រោយនេះនៅឆ្នាំ២០២២ ដែលរៀបចំនៅប្រទេសកាតា៕

Share.