ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 (Qualification) បានបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូល នៃជុំទី២ ហើយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះឃើញថា ក្រុមទាំង១៨នឹងឡើងទៅកាន់ជុំទី៣ ដើម្បីបន្តជម្រុះ នៅចុងឆ្នាំ២០២៤ ខាងមុខ។

ក្រុមជម្រើសជាតិទាំង១៨ ដែលឡើងទៅជុំទី៣ នៃវគ្គជម្រុះ World Cup មានដូចជា៖

អូស្ត្រាលី, បារ៉ែន, ចិន, ឥណ្ឌូនេស៊ី, អ៊ីរ៉ង់, អ៊ីរ៉ាក់, ជប៉ុន, ហ្ស៊កដានី, គុយវ៉ែត, កៀហ្ស៊ីស៊ីស្ថាន, កូរ៉េខាងជើង, អូម៉ង់, ប៉ាឡេស្ទីន, កាតា, អារ៉ាប៊ីសាអូឌីត, កូរ៉េខាងត្បូង, អារ៉ាប់រួម, អ៊ូសបេគីស្ថាន។

ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលតែង​តែ​បង្ហាញ​វត្តមាន​​៤ឆ្នាំម្តង ត្រូវ​បាន​ផ្លាស់ប្ដូរ ដោយការ​ជ្រើសរើស​ក្រុម​បង្កើន​ពី​៣២​ក្រុម រហូត​ដល់​៤៨ក្រុម​ឯណោះ បើធៀប​នឹង​ឆ្នាំ​២០២២ កន្លងទៅ។ ដោយឡែកសម្រាប់ ឆ្នាំ២០២៦នេះវិញ ព្រឹត្តិការណ៍ FIFA World Cup ​មាន​សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ ទាំង៣ប្រទេសតែម្តង។

ខាងក្រោមនេះជាចំនួនកៅអីដែលបណ្តាលទ្វីប នីមួយៗទទួលបានមុនទៅចូលនៅ World Cup ឆ្នាំ២០២៦៖

១. ទ្វីបអាស៊ី ទទួលបាន ៨កៅអី កើនឡើងចំនួន ២កៅអី
២. ទ្វីបអាហ្រ្វិក ទទួលបាន ៩កៅអី កើនឡើងចំនួន ៥កៅអី
៣. ទ្វីបអាមេរិកខាងជើង ទទួលបាន ៣កៅអី (ដកម្ចាស់ផ្ទះ៣ប្រទេស)
៤. ទ្វីបអាមេរិកខាងត្បូង ទទួលបាន ៦កៅអី កើនឡើងចំនួន ២កៅអី
៥. ទ្វីបអឺរ៉ុប ទទួលបាន ១៦កៅអី កើនឡើងចំនួន ៣កៅអី
៦. ទ្វីបអូសេអានី ទទួលបាន ១កៅអី។

បើមិនមានអ្វីប្រែប្រួលនោះទេ នោះការប្រកួតជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ នឹងចាប់ផ្តើមនៅខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦ ដែល​រៀបចំ​ឡើង​នៅ​សហរដ្ឋអា​មេរិក កាណាដា និងម៉ិកស៊ិក ដោយមាន ៤៨ក្រុម មកពី៦ទ្វីប ជុំវិញពិភពលោក។

Share.