ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​​ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការ​រៀប​ចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ គឺក្នុង​គោលបំណងសំខាន់ៗចំនួន២។

ឯកឧត្ដម រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លម្អិតពីគោលបំណងបែបនេះ៖

ទី១. ជួយដល់ កីឡាករ កីឡាការិនី មានឱកាសចូលរួមប្រកួតកីឡា កម្រិតខ្ពស់នៅអាស៊ី ជាប្រទេស នៃ ប្រភព ក្បាច់គុន។ កម្ពុជាក៏ជាប្រភពក្បាច់គុនដ៏ចំណាស់ក្នុងប្រវត្តិសាស្ត្រដែរ ព្រោះ​បាន​ទទួល​ឥទ្ធិ​ពលក្បាច់គុនដើមពីឥណ្ឌា តែមិនមែនមានន័យថា យកក្បាច់គុណពី ឥណ្ឌាទាំងស្រុងនោះទេ សូម្បី ចិន កូរ៉េ អីក៏មានឥទ្ធិពលពីឥណ្ឌាដែរ។ អ៊ីចឹងវាជាឱកាសនៃការលើកតម្កើងក្បាច់គុនយើង។

ទី២. ធ្វើសមាហរណកម្ម ក្បាច់គុនបញ្ចូលគ្នា និង ដឹងពីក្រមនៃការប្រកួត។ ការ​ប្រកួត​នេះ​មិន​មែន​សំ​ដៅ​ទាំងស្រុងទៅលើការឈ្នះចាញ់នោះទេ គឺដើម្បីកិត្តិយស វាយអស់ពីសមត្ថភាព វាយយកពិន្ទុ និង​ដើម្បីគោរពគោលការណ៍បទបញ្ញត្តិការប្រកួតអាស៊ី”។

ឯកឧត្ដម វ៉ាត់ ចំរើន បន្តទៀតថា សកម្មភាពនេះ​ក៏ជាការ​ឆ្ពោះទៅ​រកការ​ដាក់​បញ្ចូល​ក្នុង​កម្រិត​កីឡា​អូឡាំ​ពិក។ ដូច្នេះប្រកួតដើម្បីឱ្យមានការផ្សព្វផ្សាយទូលំទូលាយ។ ជាក់ស្ដែង គុនចម្រុះអាស៊ីនេះ នឹង​មានក្នុងព្រឹត្តិការណ៍កីឡា Asian Games នៅ Nagoya ប្រទេសជប៉ុន ឆ្នាំ២០២៦។ បន្ទាប់​ពី​នេះ​ទៅ ក៏នឹងឡើងទៅមួយកម្រិតទៀតក្នុង២០២៨ គឺព្រឹត្តិការណ៍កីឡាអូឡាំពិក Los Angeles សហ​រដ្ឋ​អាមេរិក។

សម្រាប់កម្ពុជាវិញ អ្វីដែលជាគោលបំណងធំដែរនោះ គឺដើម្បីសមាហរណកម្មកីឡាករ កីឡាការិនី គុន​ចម្រុះខ្មែរទៅលើឆាកអន្តរជាតិជាផ្លូវការ។ គិតមកទល់ពេលនេះ មាន​ជាង​១៧ប្រទេស​បានចុះ​ឈ្មោះ​ចូល​រួម ហើយរំពឹងថា នឹង​បាន​ជាង​២០ប្រទេស​ពេល​ផុត​កាល​បរិច្ឆេទ​ចុះ​ឈ្មោះ​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។

ក្នុង​នោះ​កម្ពុជាត្រៀម កីឡាករ កីឡាការិនី ១៦នាក់ មានដូច ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទឫទ្ធិគុន, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, អេ វីរៈខាំឈីត, ហាត ភី, ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, អ៊ុ ថារ័ត្ន និង ទួន ស្រីភីន។

គួរដឹងដែរថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤ នឹង​ប្រព្រឹត្ត​ពីថ្ងៃ​ទី១១​ដល់ថ្ងៃទី១៣ ខែកក្កដា នា ពហុកីឡដ្ឋានជាតិ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។ការប្រកួតនេះក៏ជាការជម្រុះទៅ Asian Indoor Martial Games នៅប្រទេសថៃ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទ៖ NOCC

Share.