កីឡាករ​ប្រដាល់គុនខ្មែរដែលមានរហស្សនាមថា «អធិរាជលេងអំបោះឆៅ» ធន់ រិទ្ធី ​បានថ្លែងថាខ្លួនសុខចិត្តផ្អាកមិនទទួលការប្រកួត ៣-៤សប្តាហ៍ និងហ្វឹកហាត់មិនសម្រាកគ្មានថ្ងៃសៅរ៍ ឬអាទិត្យ​ ត្រៀមខ្លួនជួបជាមួយ សៃយុគ ដោយស្នើសុំដាក់អំបោះឆៅដែលកាច ដើម្បីឱ្យដាច់ស្រឡះចិត្តខ្លួនឯង និងអ្នកគាំទ្រ។

កីឡាករ ធន់ រិទ្ធី បន្តទៀតថា៖«សម្រាប់ជំនួបជាមួយកីឡាករថៃ សៃយុគ លើកនេះ ក្នុងព្រឹត្តិការណ៍ THE BATTLE OF KING 2 គឺជាការជួបគ្នាលើកចុងក្រោយហើយ ទោះឈ្នះឬចាញ់ក៏ដោយ»។

ស្របពេលកីឡាករថៃ សៃយុគ ភុមផាន់មួង បានធ្វើដំណើរមកប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ មុនជួប ធន់ រិទ្ធី ក្នុងព្រឹត្តិការណ៍ THE BATTLE OF KING II ការប្រកួតមិត្តភាពអន្តរជាតិ ទម្ងន់៧៣គីឡូ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយទីតាំងប្រកួត នៅផ្សាររាត្រីហ៊ុយឡេង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ចំពោះការប្រកួតលើកចុងក្រោយ គឺកាលពីរាត្រីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៤ នៅទឹកដីកម្ពុជា កន្លងទៅ កីឡាករទាំង២ បានបញ្ចប់លទ្ធផលស្មើគ្នា បន្ទាប់ពីត្រូវបានអាជ្ញាកណ្តាលរាប់ម្នាក់ម្តង ដោយនៅដើមទឹកទី៣ កីឡាករ ធន់ រឹទ្ធី បានប្រើកណ្តាប់ដៃរង្វង់ព្រះចន្ទដាល់ចំផ្ទៃមុខ កីឡាករ សៃយុគ ភុមផាន់មួង មួយដៃ ធ្វើឱ្យលោកអាជ្ញាកណ្ដាលរាប់ដល់៨ ប៉ុន្តែ១នាទីក្រោយមក កីឡាករ ធន់ រឹទ្ធី ត្រូវកីឡាករ សៃយុគ វាយរាប់ដល់៨វិញ។

ប៉ុន្តែនៅពេលចប់ការប្រកួតអ្នកគាំទ្រប្រដាល់គុនខ្មែរនៅកម្ពុជា ហាក់បីដូចជាមិនពេញចិត្តចំពោះការកាត់សេចក្តីរបស់ចៅក្រម ក្រោយផ្តល់លទ្ធផល ធន់ រិទ្ធី និង សៃយុគ ភុមផាន់មួង ស្មើគ្នា។ បន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រ ធ្វើឱ្យ ធន់ រិទ្ធី ប្រកាសគោលជំហរប្រកួតលើកចុងក្រោយ ដោយសុំដាក់អំបោះឆៅដែលកាច (៣សរសៃ) ដើម្បីឱ្យដាច់ស្រឡះ បើមិនឈ្នះ មានតែចាញ់ មិនអាចស្មើនោះទេ៕

Share.