ភ្នំពេញ៖ រយៈពេល២២ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងចម្រុះក្រសួងមហាផ្ទៃបានបង្ក្រាប់ក្មេងទំនើងមិនដកដៃ បង្ក្រាបក្រុមទំនើងបាន២២៧ករណី និងឃាត់ខ្លួនបានជាង៨៨៥នាក់។ វិធានការក្ដៅនេះស្របតាមគោលការណ៍ទស្សនៈរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី «សម្អាតផ្ទះយើង» និងទស្សនៈរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថា «ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ និងមិនធ្វើតែមួយឆាវៗ គឺធ្វើជាប្រចាំ»។

លទ្ធផលខាងលើនេះ សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកខ្លាំងនៅក្នុងការធ្វើឱ្យស្ថិរភាពសង្គមបានល្អប្រសើរ គ្មានក្មេងទំនើងបង្កចលាចលដល់សង្គមជាតិ។ អ្វីដែលជាការកត់សម្គាល់នោះ គឺរាជរដ្ឋាភិបាលបានដាក់ចេញវិធានការធ្វើជាប្រចាំ មិនមែនធ្វើតែមួយប្រាវ ឬមួយឆាវ ហើយក៏ស្ងប់ទៅវិញនោះទេ។
លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងសារតាមប្រព័ន្ធបណ្ដាញសង្គមថា ការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងខាងលើនេះ គឺមួយចំនួនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមបទបញ្ជាដ៏ម៉ឺម៉ាត់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា។

អាណតិទី៧ នៃរដ្ឋសភានេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានដាក់ចេញនូវទិសដៅជាអាទិភាព៦ ចំណុច ក្នុងនោះក៏បានដាក់ចេញនូវវិធានការតឹងរ៉ឹងគ្រប់គ្រងក្មេងទំនើង ដោយចាប់តាំងពីការចូលកាន់តំណែង ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា តែងតែណែនាំជាប្រចាំឱ្យមានការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលសង្កត់ធ្ងន់លើការគ្រប់ក្មេងក្មេងទំនើង គ្រឿងបញ្ហាគ្រឿងញៀន និងបទល្មើសនានា បូករួមទាំងសេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនសាធារណជន ហើយក៏ស្របតាមបទបញ្ជារបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត «សម្អាតផ្ទះយើង» ផងដែរ។


ទោះជាការគ្រប់គ្រងក្មេងទំនើងហាក់មានប្រសិទ្ធភាព ប៉ុន្ដែសាធារណជនខ្លះបានលើកឡើងថា ការអនុវត្តវិធានការ ឬគោលនយោបាយកន្លងមកធ្វើឡើងបានត្រឹមតែមួយឆាវៗ ហើយក៏ស្ងប់ទៅវិញ? ឆ្លើយតបទៅនឹងការលើកឡើងនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា អ្វីដែលប្រជាពលរដ្ឋលើកឡើងគឺជាសិទ្ធសេរីភាព និងការគិតមួយរបស់បងប្អូន ប៉ុន្ដែជាក់ស្ដែង រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី និងឯកឧត្តម ស សុខា រមែងបានណែនាំ និងគិតគូខ្លាំង ដោយបានតាមដានជាប្រចាំ និងបានដាក់ចេញនូវគោលការណ៍ ណែនាំជាប្រចាំដល់អាជ្ញាធរដែនដី នគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមើលស្ថានភាពប្រែប្រួលបែបណា និងការកែសម្រួលវិធានការបែបណាឈានទៅដាក់យុទ្ធសាស្រ្តគ្រប់គ្រងក្មេងទំនើងឱ្យមានប្រសិទ្ធភាព។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបន្ថែមថា បងប្អូនបានបញ្ចេញទស្សនៈលើការគ្រប់គ្រងក្មេងទំនើងបានតែមួយប្រាវៗ នៅជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្ដែតាមពិតសមត្ថកិច្ចនិងអាជ្ញាធរដែនក្របខណ្ឌក្រសួងមហាផ្ទៃ បានធ្វើការងាររាល់ថ្ងៃ ប៉ុន្ដែប្រជាពលរដ្ឋមិនសូវចាប់អារម្មណ៍ ដោយថាបងប្អូនប្រជាពលរដ្ឋរវល់គិតគូលើជីវភាពប្រចាំថ្ងៃជាដើម។

យ៉ាងណាមិញ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានទទួលស្គាល់ថា នៅពេលដែលថ្នាក់ដឹកនាំ ដាក់ចេញបទបញ្ជាជាសាធារណណាមួយបានន័យថារឿងនោះធំ ឬរឿងកាចសាហាវលេចធ្លោ គឺថ្នាក់ដឹកនាំលោកត្រូវតែប្រកាសជាសាធារណៈដើម្បីគ្រប់គ្រងស្ថានការណ៍ ប៉ុន្ដែជារួមអាជ្ញាធរដែនដី និងសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃ គឺបានធ្វើការងារផ្សព្វផ្សាយអប់រំ និងបង្ក្រាបក្មេងទំនើង និងបទល្មើសនានាជាប្រចាំរួចទៅហើយ។

ថ្នាក់ដឹកនាំថ្លែងសារជាចំហអំពីការគ្រប់គ្រងក្មេងទំនើង គឺចង់បង្ហាញទៅអាណាព្យាបាល និងភាគីពាក់ព័ន្ធដែលមិនឋិតនៅក្នុងប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋបាល គឺចូលរួមអប់រំកូន ក្មួយ កុំឲ្យដើរលេងរហូតយប់ប្រលប់ ការប្រមូលផ្ដុំគ្នា ដែលអាចមានសកម្មភាពអវិជ្ជមានក្នុងសង្គម ហើយមានចរិតសាហាវ ត្រូវបញ្ឈប់ជាបន្ទាន់ តែបើមិនបញ្ឈប់នោះទេ គឺអនុវត្តដោយមិនលើកលែង និងឈានទៅបញ្ជូនទៅតុលាការនៅក្នុងករណីធ្ងន់ធ្ងរ។

ទាក់ទងទៅនឹងការទប់ស្កាត់ក្មេងទំនើង លោកបណ្ឌិត ទូច សុឃៈ បានអំពាវនាវឲ្យបងប្អូនចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់បង្ការការពារ និងបង្ក្រាបក្រុមក្មេងទំនើង ដោយបងប្អូនឃើញសកម្មភាពអវិជ្ជមានសូមរាយការណ៍ជូនមកអាជ្ញាធរ និងនគរបាលដែនដី ឬក៏សមត្ថកិច្ចដទៃទៀត។ និយាយជារួមក្រសួងមហាផ្ទៃមានឆន្ទៈខ្ពស់នៅក្នុងការគ្រប់គ្រងក្មេងទំនើង ដែលមិនធ្វើរឿងមួយឆាវៗទេ គឺធ្វើជាប្រចាំ។ ចំពោះរឿងទំនាក់ទំនងជាមួយនឹងតុលាការ លោកបណ្ឌិត ទូចសុឃៈ បញ្ជាក់ថា ការទំនាក់ទំនងជាមួយតុលាការ គឺក្រសួងមហាផ្ទៃ ទំនាក់ទំនងក្នុងលក្ខណៈច្បាប់ ឬក៏នីតិវិធីព្រហ្មទណ្ឌ បានន័យថាសមត្ថកិច្ចនគរបាលរបស់ក្រសួងដែលបង្រាបបទល្មើសចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានី ខេត្តនិមួយៗ ដើម្បីឲ្យពិនិត្យរៀបចំភស្ដុតាងសម្រចចោទប្រកាន់ ឬមិនចោទប្រកាន់ គឺជារឿងរបស់តុលាការប៉ុណ្ណោះ។

ដើម្បីគ្រប់គ្រងក្មេងទំនើងឱ្យមានប្រសិទ្ធភាព ពោលគឺមិនមែនតែសមត្ថកិច្ចរបស់របស់រាជរដ្ឋាភិបាលតែមួយមុខនោះទេ គឺត្រូវមានការពាក់ព័ន្ធស្ទើរគ្រប់វិស័យ នៅក្នុងនោះក៏មានការចូលរួមពីអាណាព្យាបាលត្រូវចូលរួមតាមដាននិងអប់រំណែនាំដល់កូន ចៅ ឲ្យមានវិន័យគ្រួសារ ប្រឹងប្រែងរៀនសូត្រ ឲ្យក្លាយជាកូនល្អ សិស្សល្អ ហើយចៀសឲ្យបាននូវសកម្មភាពអវិជ្ជមាន ដូចជាការសេពគ្រឿងញៀនជាដើម។

ក្មេងទំនើងដែលភាគច្រើនត្រូវបានគេផ្ដោតលើយុវជនដែលមានអាយុ១៣ឆ្នាំឡើងទៅ ដែលជាទំពាំងស្នងឬស្សី កាលណាបង្ហាញសកម្មភាពអវិជ្ជមានក្នុងសង្គម និងការប្រព្រឹត្តិបទល្មើសផ្ទុយនឹងច្បាប់នឹងក្លាយជាជំងឺមហារីកបំផ្លាញធនធានមនុស្សនៅកម្ពុជា ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ សង្គមជាតិ បាត់បង់អ្នកវិនិយោគ និងប៉ះពាល់ដល់កិត្តិយសជាតិទាំងមូល។ ដូច្នេះហើយឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការតឹងរឹងដើម្បីគ្រប់គ្រង និងបង្ការកុំឲ្យកើតមានក្មេងទំនើង ដើម្បីរៀបចំសណ្ដាប់ធ្នាប់សង្គមជាតិឲ្យមានសេចក្ដីថ្លៃថ្នូរ ដែលសម្ដេចបបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការ «សម្អាតផ្ទះយើង» និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទស្សនៈថា «ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ និងមិនធ្វើតែមួយឆាវៗ គឺធ្វើជាប្រចាំ»៕

អត្ថបទ៖ សង្គម

Share.