បាត់ដំបង÷ យុវជនម្នាក់សុំម្តាយទៅលេងបាល់តែនាំគ្នាទៅលោតទឹកនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ ស្រុកសំឡូត ដែលទំនងលោតបន្តកន្ទុយគ្នាជាន់ពីលើគ្នាបណ្តាលឲ្យបាក់កស្លាប់។

ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា÷ ករណីយុវជនម្នាក់ស្លាប់ពេលកំពុងលោតទឹកនេះបានកើតឡើងនៅវេលាម៉ោងជិត ២:០០នាទីរសៀល ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ត្រង់ចំណុចទឹកធ្លាក់មួយកន្លែងស្ថិតក្នុងក្រុមទី ០១ ភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

យុវជនជនរងគ្រោះមានឈ្មោះបូ វេងហួត អាយុ ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ១៣មករា ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មុនកើតហេតុជនរងគ្រោះជាមួយមិត្តភក្តិប្រមាណជិត ១០នាក់បាននាំគ្នាជិះកង់ទៅលេងចំណុចទឹកធ្លាក់ខាងលើ ដោយបាននាំគ្នាលោតទឹកយ៉ាងសប្បាយគាប់ជួនពេលនោះទំនងលោតទឹកជាប់ៗគ្នាទើបជាន់គ្នាពីលើបណ្តាលឲ្យបាក់កលង់ស្លាប់តែម្តង។ ភ្លាមៗអ្នកភូមិ ក៏ដូចជាភ្ញៀវទេសចរបានចុះរាវរក ហើយបានដឹកជញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែយុវជនរងគ្រោះបានផុតដង្ហើមស្លាប់បាត់ទៅហើយ។

ប្រភពចេញពីសាច់ញាតិជនរងគ្រោះបានបង្ហើបឲ្យដឹងថា÷ នៅព្រឹកកើតហេតុយុវជនឈ្មោះ បូ វេងហួត បានសុំអនុញ្ញាតិម្តាយដោយប្រាប់ថា សុំទៅលេងបាល់រួចក៏បាត់រហូតដល់រសៀលទើបភ្ញាក់ផ្អើលពេលទទួលបានដំណឹងអកុសលរបស់កូនដែលស្លាប់៕

អត្ថបទ÷ ដំបងក្រញូង

Share.