ក្រុមជម្រើសជាតិព័រទុយហ្កាល់ ម្ចាស់ជើងឯក UEFA Euro 2016 ត្រៀមជួបជាមួយសាធារណរដ្ឋឆែក នៅកីឡដ្ឋាន Red Bull Arena (Leipzig) យប់ថ្ងៃទី១៨ ឈានចូលព្រឹកថ្ងៃទី១៩ ខែមិថុនា វេលាម៉ោង ២:០០រំលងអាធ្រាត្រ នៃព្រឹត្តិការណ៍ Euro 2024 ពូល F។
ស្របពេលខ្សែប្រយុទ្ធ Cristiano Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ វ័យ៣៩ឆ្នាំ ត្រៀមបំបែកកំណត់ត្រាថ្មីនៅព្រឹត្តិការណ៍ UEFA Euro ដោយក្លាយជាដំបូងគេដែលអាចបង្ហាញខ្លួន ៦ព្រឹត្តិការណ៍ផ្សេងគ្នានៅ Euro ពោលគឺឆ្នាំ ២០០៤, ២០០៨, ២០១២, ២០១៦, ២០២០ និង ២០២៤។
ស្របពេលរាត្រីនេះមានចំនួន២គូថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤៖
- ម៉ោង ១១:០០យប់ ទួរគី ប៉ះ ហ្សកហ្ស៊ី នៅកីឡដ្ឋាន Westfalenstadion
- ម៉ោង ២:០០រំលងអាធ្រាត្រ ព័រទុយហ្កាល់ ប៉ះ សាធារណរដ្ឋឆែក នៅកីឡដ្ឋាន Red Bull Arena (Leipzig)។
ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ដំណើរការប្រកួតពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤។
គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕