ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាន​មានប្រសាសន៍​ថា មកដល់​ពេល​នេះ យើង​នៅ​មិន​ទាន់​បាន​សម្រេច ១០០% ដែរ​ថាយើង​ចូល​រួម​ឬក៏​មិន​ចូល​រួម នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​ក្រោយនៅប្រទេសថៃ សម្រាប់​វិញ្ញា Muay Thai នៅឡើងទេ។ កាលលើកឡើងដូចនេះ ធ្វើ​ឡើង នៅ​ក្នុង​កម្មវិធី នាទីវែកញែកកីឡា កាលពីថ្ងៃទី១៤ មិថុនា កន្លងទៅ។

ពាក់ព័ន្ធជុំរឿង​នេះឯកឧត្តម ខូវ ឆាយ ក៏​បាន​បញ្ជាក់ថា ដោយ​សារតែយើង​និយាយ​ដោយ​​ត្រង់​ទៅ​គឺយើង​ត្រូវ​សុំគោលការណ៍​ពី​ថ្នាក់​ដឹក​នាំ ​ព្រោះ​ទាក់ទង​ជាមួយ​នយោបាយ ថាតើ​យើង​​គួរតែ​ចូល​រួម​ឬអត់ក្នុង​វិញ្ញាសាមួយហ្នឹង​ ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង។

ឯកឧត្តមបានបន្ត​ថា បើយោង​តាម​ការអ្វី​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួនគាត់​មិន​ចង់​អោយ​យើង​ចូល​រួម​ទេ ប៉ុន្តែ​ក្នុង​នាម​នយោបាយ​កាទូត ក្នុង​នាម​កីឡា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​នៅ​តែ​បន្ត​ការជះទឹក​ទៅ​វិញ​ទៅ​មក មិន​ចូល​រួម​ទៅ​វិញ​ទៅមក រឿង​នេះ​មិន​អាច​ចប់​ឡើយ​ តែបើ​យើង​ចង់​បញ្ចប់គឺ​ត្រូវ​តែ​មាន​ការ​ចរចាណាមួយដើម្បីមានការសម្របសម្រួល ព្រមព្រៀងគ្នា បន្ទោនឥរិយាបថដើម្បីរួប​រួម​គ្នា​ឡើង​វិញ។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបន្ថែមថា កន្លង​មក​ខ្ញុំ​ក៏​ទទួល​រង់​នូវ​ការ​រិ:គន់​ច្រើន​ពី​អ្នក​គាំទ្រ ថា​ខ្ញុំ​គាំទ្រភាគីថៃ ប៉ុន្តែ​ក្នុង​នាម​យើង​ជា​ពលរដ្ឋកម្ពុជា គឺ​យើង​មិន​យក​នរណា​ជា​សត្រូវ​ឡើង​ និង​រាប់​អាន​ទាំង​អស់​ចំពោះ​ប្រទេស​ដែល​ជាភូមិផង​របង​ជា​មួយ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេសថៃ ដែល​គ្រោង​ប្រារព្ធ​ពិធីបើកនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នឹង​ត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។ តាម​ការ​គ្រោង​ទុក ក្នុង​នោះ​មាន ១១ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​បាន​ចូល​ប្រកួត​ប្រជែង​ដណ្ដើម​មេដាយ និងដាក់​អោយ​​ចូល​រួម​ប្រកួត​ប្រជែងមាន ៤៣ប្រភេទកីឡា៕

Share.