អ្នកប្រដាលគុនខ្មែរ សែន រ៉ាឌី បានបង្ហោះសារលើគណនី Facebook របស់ខ្លួនកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះអំពីករណីដែលប្អូនប្រុសបង្កើតរបស់ខ្លួនបានឌុបជនសង្ស័យ ទាំង​មិន​ដឹង​ថា​ជា​ឃាតករ បានបាញ់សម្លាប់មនុស្សពីរនាក់ ដែលត្រូវបានគេស្គាល់ថាជាគូរដណ្តឹងនឹងគ្នា។

កីឡាករ សែន រ៉ាឌី បានបង្ហោះសារបែបនេះថា៖ «ថ្ងៃនេះប្អូនប្រុសបង្កើតរបស់ខ្ញុំ ដែលជាប់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ក្នុងបុរីប៉េងហួតបឹងស្នោរ កាលថ្ងៃទី១៧ មិថុនា (បុគ្គលដែលជិះម៉ូតូ Zoomer X ហើយត្រូវបានជនបង្កសុំជិះជាមួយដោយមិនបានដឹងថាជនបង្កបានបាញ់មនុស្សរួចទៅហើយ»។

សែន រ៉ាឌី បញ្ជាក់ទៀតថា៖ «ប្អូនប្រុសរបស់ខ្ញុំជាបុគ្គលិកធ្វើការក្នុងទីតាំងបុរីប៉េងហួត ចៃដន្យគាត់ជិះម៉ូតូក៏ត្រូវជនបង្កបក់ដៃសុំអោយជូនទៅមុខបុរី ដោយឃើញថាការស្លៀកពាក់របស់ជនបង្កត្រឹមត្រូវគាត់ក៏ជូនទៅ ហើយគាត់ទាំង ពីរនាក់ មិនបានស្គាល់គ្នាទេ។ ថ្ងៃនេះប្អូនរបស់ខ្ញុំ ត្រូវបានបញ្ជូនទៅបំភ្លឺនៅតុលាការ តាមនីតិវិធី ហើយរឿងក្ដីនេះគឺត្រូវពឹងលើមេធាវី ដើម្បីការពារក្ដីអោយប្អូនប្រុសរបស់ខ្ញុំនៅក្រៅឃុំសិនសម្រាប់ការរងចាំការកាត់ក្ដីបន្ត ព្រោះគាត់ជាបុគ្គលិកសុីប្រាក់ខែគេទេ ហើយបើតាមសមត្ថភាពគ្រួសារខ្ញុំ គឺមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកមេធាវីទេ ព្រោះរាល់ថ្ងៃខ្ញុំបើកក្លឹបប្រដាល់គុនខ្មែរជាមួយបងប្អូនខ្ញុំ គឺខ្ញុំសុំការឧបត្ថម្ភពីបងប្អូនដែលគាត់ស្រលាញ់គុនខ្មែរប៉ុណ្ណោះ»។

និងចុងក្រោយ កីឡាករ សែន រ៉ាឌី បានសរសេរបន្ថែមថា៖ «ចឹងហើយពេលនេះខ្ញុំបាទ សែន រ៉ាឌី មានតែម្រាមដៃដប់ សូមស្នើរសុំនួយពីបងៗដែលជាក្រុមមេធាវីស្ម័គចិត្ត របស់សម្ដេច ហ៊ុន សែន និង បងៗក្រុមមេធាវីស្ម័គចិត្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយជួយការពាររឿងក្ដីរបស់ប្អូនប្រុសខ្ញុំបាទផង តែទោះបីជាយ៉ាងណាខ្ញុំនៅតែជឿជាក់លើប្រព័ន្ធតុលាការស្រុកខ្មែរ ហើយក៏ជឿជាក់លើ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ១០០% ថាលោកនឹងពិនិត្យលើសំណុំរឿងនេះដោយយុត្តិធម៌បំផុតដោយក្ដីគោរពអំពីខ្ញុំ»។

សូមរំលឹកថាករណីឃាតកម្មខាងលើ បានកើតឡើងកាលពីវេលាម៉ោង៣:៤៥នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ២៦ ផ្លូវលេខ១០អេស បុរីប៉េងហួតបឹងស្នោ គម្រោងទី៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនដៃដល់មានឈ្មោះ ស្រី សុីណា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅផ្ទះលេខ៤៤ ផ្លូវលេខ៣៩០ ភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះស្លាប់ឈ្មោះ ឡុង លីសុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ថតរូប រស់នៅផ្ទះកើតហេតុ និងគូដណ្តឹង ឈ្មោះ ឃីន កញ្ចនា អាយុ២៥ឆ្នាំ មុខរបរ ឌីសាញ រស់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅឯខេត្តកំពត ។ រីឯជនរងគ្រោះម្នាក់ របួសធ្ងន់ ជាបុគ្គលិក បម្រើការងារ នៅហាងខាងលើ ។

ករណីឃាតកម្មខាងលើផ្តើមចេញពីទំនាស់រឿងព្រំដីជាប់គ្នា ឈ្លោះរឿងស្នួហាលខោអាវ ផើងផ្កា ចតរថយន្ត មែកស្វាយ ប៉ះពៀរលើសលស់គ្នាបន្តិចបន្តួច ក្លាយជាគំនុំ រហូតដល់ ជនសង្ស័យ ជាម្ចាស់ សាច់ញាតិ ផ្ទះកើតហេតុ មានងារជាឧកញ៉ា ប្រដាប់ដោយអាវុធខ្លី ទៅតាមរករឿង ឈ្លោះ ដកកាំភ្លើងបាញ់ដល់ក្នុងផ្ទះ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកស្ត្រីជាគូដណ្តឹងស្លាប់ ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ និងបុរសជាបុគ្គលិកម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ៕

Share.