ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás បន្តឈរចំណាត់ថ្នាក់លេខ១៧៩ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) ប្រចាំខែមិថុនា ឆ្នាំ២០២៤ នេះបើយោងតាមការបញ្ជាក់របស់គេហទំព័រ FIFA.Com។
ពោលគឺនៅឈរលេខរៀង ១៧៩ ដដែលបើធៀបនឹងខែមុន ក្រោយឈ្នះម៉ុងហ្គោលី ២-០ ជើងទី១ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ និងចាញ់ម៉ុងហ្គោលី ២-១ ជើងទី២ នៅកីឡដ្ឋាន MFF Football Centre ប្រទេសម៉ុងហ្គោលី ការប្រកួតមិត្តភាពអន្តរជាតិ អំឡុងថ្ងៃ FIFA Day។
សម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍ កម្ពុជាស្ថិតនៅលេខ៨ ដោយឈរលើក្រុមជម្រើសជាតិចំនួន រួមមានដូចជាប្រទេសឡាវ ប៊្រុយណេ និងទីម័រខាងកើត។
ចំណែកថៃ ឈរលេខ១នៅអាស៊ីអាគ្នេយ៍ ដោយស្ថិតនៅលេខ១០១ ក្នុងតារាង FIFA Ranking ពិភពលោក រីឯ វៀតណាម ឈរលេខ១១៥, ហ្វីលីពីន ស្ថិតនៅលេខ១៤១, ឥណ្ឌូណេស៊ី ឈរលេខ១៣៤, ម៉ាឡេស៊ី ឈរលេខ១៣៨, សិង្ហបុរី ឈរលេខ១៥៥, មីយ៉ាន់ម៉ា ឈរលេខ១៦៣, កម្ពុជា ឈរលេខ១៧៩, ឡាវ ឈរលេខ១៩០, ប្រ៊ុយណេ ឈរលេខ១៩៤ និងចុងក្រោយគេទីម័រខាងកើត ឈរលេខ ១៩៨៕