ភ្នំពេញ ៖ សិស្សសាលាវិទ្យាល័យជម្ពូវ័ន ប្រុសស្រីមួយក្រុម គេចសាលាមិនចូលរៀន ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះប្រមូលបានចំនួន១៤នាក់ ស្រី៤នាក់ យកមកធ្វេីការអប់រំណែនាំរួចហៅឪពុកម្តាយទៅធានាយកទៅអប់រំបន្ត កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមតូបលក់កាហ្វេក្បែរបង វិទ្យាល័យហ៊ុនសែន ជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមអាជ្ញាធរបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ ណែនាំ ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ ឱ្យចុះធ្វេីការអប់រំណែនាំដល់សិស្សសាលា ដែលគេចមិនចូលរៀន នាំគ្នាប្រមូលផ្តុំ នៅតាមតូបកាហ្វេ និងសូមឱ្យម្ចាស់ទីតាំងជួយសហការ ទេីបរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ សហការជាមួយ អាជ្ញាធរ សង្កាត់ចោមចៅទី៣ ចុះរដ្ឋបាលតាមតូបកាហ្វេ ឃាត់សិស្សគេចសាលាចំនួន១៤នាក់ ស្រី៤នាក់ ធ្វើការអប់រំ ហៅឪពុកម្តាយទៅធានា យកទៅអប់រំបន្ត ។

បើតាមលោកគ្រូ អ្នកគ្រូ បានឱ្យដឹងថា ពួកគាត់ ចូលរៀនបានតែ១ម៉ោង ក្នុងមួយពេល ហើយគេច លួចចេញទៅប្រមូលផ្តុំគ្នានៅតាមតូបលក់កាហ្វេ រហូតដល់ម៉ោងត្រូវចេញ ទើបពួកគាត់វិលទៅផ្ទះ ឪពុកម្តាយមិនដឹង គិតថាកូនមកពីរៀន តាមពិតរៀនក្រៅសាលាសោះ ។

សិស្សគេចសាលាទាំង១៤នាក់ ក្រោយប្រមូលបាន នាំទៅធ្វើការអប់រំនៅក្នុងបរិវេណសាលា ហើយហៅឪពុកម្តាយ ទៅធានាយកកូនទៅអប់រំបន្តនៅផ្ទះ តែកុំភ្លេចឆែកមើលសៀវភៅកូនចៅផង មានកត់មេរៀនទៅតាមកាលវិភាគឬនៅ ៕

អត្ថបទ÷ តាតុងសែនជ័យ

Share.