ភ្នំពេញ៖  ត្រឹមរយៈពេល០៦ថ្ងៃ នគរបាលចំណុះឲ្យក្រសួងមហាផ្ទៃ បានបង្ក្រាបសកម្មភាពអវិជ្ជមានរបស់ក្រុមក្មេងទំនើងចំនួន៣៦ករណី និងឃាត់ខ្លួន១៩៩នាក់ នៅក្នុងភូមិសាស្រ្តរាជធានី/ខេត្តចំនួន១២ ទៅទូទាំងប្រទេស។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ។

តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ មកដល់ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានចេញប្រតិបត្តិការបង្ក្រាបសកម្មភាពអវិជ្ជាមាន របស់ក្រុមក្មេងទំនើងណានានាចំនួន៣៦ករណី នឹងឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន១៩៩នាក់។ ហើយនៅក្នុងសកម្មភាពអវិជ្ជមានរបស់ក្រុមក្មេងទំនើង និងកិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់សមត្ថ ចំណុះក្រសួងមហាផ្ទៃនេះ គឺបានកើតឡើងនៅក្នុងភូមិសាស្ត្ររាជធានីខេត្តចំនួន១២ ដែលខេត្តខ្លះកើតមានឡើងតិចករណី តែឃាត់ខ្លួនមនុស្សច្រើន នឹងខេត្តខ្លះមានការថតចុះគួរឱ្យកត់សម្គាល់។

អ្នកនាំពាក្យរងបានបន្តទៀតថា ខេត្តស្វាយរៀងបង្រ្កាបបានចំនួន០៤ករណី និងឃាត់ខ្លួនបានជនសង្ស័យចំនួន៤០នាក់។ ខេត្តបន្ទាយមានជ័យ បង្ក្រាបបានចំនួន០៩ករណី ឃាត់ខ្លួនចំនួន៣៧នាក់។ ខេត្តសៀមរាប មាន០១ករណីប៉ុន្តែការឃាត់ខ្លួនក្មេងទំនើងបានរហូតដល់ទៅ២៨នាក់។ ភ្នំពេញ បង្ក្រាបបានចំនួន០៧ករណី ឃាត់ខ្លួនបានចំនួន២៤នាក់។  ខេត្តក្រចេះ បង្ក្រាបចំនួន០៣ករណី ឃាត់ខ្លួនចំនួន១៦នាក់ ។ បាត់ដំបងព០២ករណី ឃាត់ខ្លួន១៤នាក់ ។ ខេត្តកំពត់  កើតឡើងចំនួនព០២ករណី ឃាត់ខ្លួនបានចំនួន១៤នាក់។ ខេត្តកណ្តាល ០៣ករណី ឃាត់បានចំនួន១១នាក់។ តាកែវ ០២ករណី ឃាត់ខ្លួន០៧នាក់។  ក្រៅពីនេះដូចជានៅឯភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ព្រៃវែង, កំពង់ស្ពឺ គឺកើតឡើងតែមួយករណី ហើយខេត្តខ្លះគឺឃាត់ខ្លួនបានពីរនាក់ ឬបីនាក់ ពោលចំនួននេះគឺជាតួលេខតិចតួច ដែលមើលទៅហាត់មានការថមថយ។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បញ្ជាក់ថា ការបង្ក្រាបសកម្មភាពមួយចំនួនរបស់ក្រុមក្មេងទំនើងប្រកបដោយប្រសិទ្ធភាពរបស់សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដីនៅថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ បានអនុវត្តជាប្រចាំ ដោយមិនបោះបង់ពេលវេលាណាមួយទេ  ពោលគឺធ្វើនៅក្នុងរូបភាពបីចំណុចយ៉ាងតិច ៖

ចំណុចទី១៖ គឺធ្វើសកម្មភាពអប់រំផ្សព្វផ្សាយដើម្បីបង្ការទប់ស្កាត់ការពារកុំឲ្យបទល្មើសកើតឡើង ដែលអាជ្ញាធរដែនដី និងសមត្ថកិច្ចនគរបាលតែងតែងជួបជុំតាមទំរង់នានាជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺការផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្តិភាព គឺសមត្ថកិច្ចសហការ អាជ្ញាធរដែនដីគឺធ្វើជាប្រចាំ។

ចំណុចទី២៖  ក្រៅតែពីការផ្សព្វផ្សាយអប់រំដើម្បីទប់ស្កាត់បង្ការកុំឲ្យកើត គឺយើងមានវិធានការរដ្ឋបាល គឺសមត្ថកិច្ចជំនាញបូកជាមួយនឹងភាគីពាក់ព័ន្ធក៏ដូចជាប្រជាការពារចេញល្បាត តាមដងផ្លូវតាមតំបន់ដាក់គោលដៅនានាទៅតាមលទ្ធភាពនៃកម្លាំង ឬក៏ធ្វើដំណើរជាក្រុមសមត្ថកិច្ចដើម្បីការអង្កេតមើលនូវសកម្មភាពគួរឲ្យកត់សម្គាល់ឬក៏មិនប្រក្រតី បើជួបគឺត្រូវអប់រំណែនាំនិងកន្លែង។ តែបើពិតនិត្យថាឃើញថា លើសពីការធ្វើសកម្មភាពបែបធម្មតា ឬមានតំរុយចូលទៅជាករណីល្មើសអ្វីផ្សេងៗ កម្លាំងអាចបំបែក ឬអាចឃាត់ខ្លួនដើម្បីធ្វើជាការតាមជំនាញ ឬបន្តនីតិវិធីផ្សេងៗ។  ប៉ុន្តែបើនៅក្នុងក្របខណ្ឌដែលតិចតួចស្ដួចស្ដើង កម្លាំងសម្ថកិច្ចអាចប្រើវិធានការរដ្ឋបាល គឺធ្វើការអប់រំណែនាំធ្វើកិច្ចសន្យាមានការធានាពីអភិបាលឪពុកម្ដាយអាចឲ្យត្រឡប់ទៅផ្ទះវិញ ចំពោះករណីស្រាលៗ មិនទាន់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនៅក្នុងមូលដ្ឋាននៅក្នុងសង្គម។

ចំណុចទី៣៖ គឺអនុវត្តច្បាប់ គឺបានន័យថា ការបង្ក្រាប អន្តរាគមន៍បំបែកករណីទាំងអស់នោះ ហើយក៏សាងសំណុំរឿងបញ្ជូនទៅកាន់តុលាការឲ្យតុលាការផ្តន្ទាទោសតាមអំពើប្រព្រឹត្ត ដែលមានកំណត់នៅក្នុងច្បាប់ព្រហ្មទណ្ឌថាជាបទល្មើសព្រហ្មទណ្ឌ ហើយមិនមានការលើកលែង តាមបទបញ្ជារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺត្រូវតែបង្ក្រាប ដោយមិនមានការលើកលែង អនុវត្តតាមច្បាប់ និងតាមទស្សនៈរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើអ្វីដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

លោក បណ្ឌិតទូច សុឃៈ(សុខៈ)  ក៏បានផ្តាំផ្ញើដល់ប្អូនប្អូនទាំងអស់ដែលអ្នកមិនទាន់ប្រព្រឹត្ត កុំធ្វើតាមគេ ជាក្រុមដទៃទៀត ដែលនាំឲ្យខូចអនាគតរបស់ខ្លួន ខូចកេរ្តិ៍ឈ្មោះគ្រួសារ និងប៉ះពាល់ដល់សង្គមជាតិទាំងមូល។ ដូច្នេះយើងឃើញថា កាលអភិវឌ្ឍខ្លួនយើងឲ្យល្អ ទាំងសមត្ថភាពជំនាញ សីលធម៌ និងមនសិការបានក្លាយទៅជាយុវជនល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឫស្សីប្រកបដោយគុណតម្លៃ នឹងគុណភាព៕

អ្ថបទ៖ សង្គម

Share.